Saturday, August 28, 2010

ច្បាប់កេរកាលថ្មី

ច្បាប់កេរកាលថ្មី

   

- 

នេះបទព្រហ្មប្រាជ្ញប្រាយ

ខ្ញុំអធិប្បាយលើកល្បត់ល្បង

 

ប្រដៅកូនចៅផង

ចងជាច្បាប់ខុសនិងត្រូវ។

- 

កត្ដិកខ្នើតគ្នេរគ្នាន់

ក្នុងវស្សន្ដរដូវ

 

ទឹកស្រែជនលេចស្រូវ

នៅសំណល់សំណាបខ្ចី។

- 

កិរកាលពីព្រេងព្រឹទ្ធ

ដើមគំនិតពីសេដ្ឋី

 

ខ្ញុំលើកកិរកាលថ្មី

តែងសេចក្ដីជាបរមត្ថ។

- 

ក្នុងថ្ងៃពេញបរមី

ម៉ោង៨ព្រលប់ស្ងាត់

 

ឆ្នាំចរចត្វាក្សត្រ

ផាត់សករាជកន្លងឆ្ងាយ។

- 

សាសនាព្រះសមណៈ

បានពីរពាន់បួនរយបា្លយ

 

ហុកសិបឆ្នាំកំចាយ

ចាត់អធិប្បាយពីខុសត្រូវ។

- 

កិរកាលដំណាលទុក

ជាទំនុកដំណែលនៅ

 

តំណតរៀងទៅ

តំរូវចិត្ដជនប្រុសស្រី។

- 

កូនអើយពាក្យអាពុក

ជាទំនុកទំនើបថ្មី

 

អនិស្រាយរាយបាលី

អាពុកស្ដីឲ្យកូនស្ដាប់។

- 

គួរស្ដាយកេរ្ដិ៍ម៉ែឪ

កិរិយាត្រូវឲ្យខំត្រាប់

 

កិរិយាណាខុសច្បាប់

គួរក្រឡប់ក្រឡាស់ចោល។

- 

ម្ដាយអាពុកនិងកូន

បីដូចខ្លួននិងស្រមោល

 

ឃើញខុសកុំដេញដោល

កុំថ្កោលទោសអ្នកមានគុណ។

- 

ល្ងង់ខ្លៅត្រូវតែសួរ

ពាក្យឲ្យគួរកុំឲ្យស៊ុន

 

យកពាក្យផ្អែមជាមុន

ទន់លំទោនឱនប្រតិបត្ដិ។

- 

ទោះឪម៉ែស្លូតកាច

គួរតែខ្លាចដូចមហាក្សត្រ

 

ម្ដាយជេរពីរបីមាត់

គួរតែស្ងាត់ស្ងៀមឲ្យឈឹង

- 

ប្រដៅត្រូវតែស្ដាប់

យកតំរាប់កុំទទឹង

 

ម្នោះម្នះចចេសរឹង

នឹងហើយហៅកូនសេសកម្ម។

- 

ធម៌អាថិចេះតែភ្លេច

ជេរប្រទេចចេះតែចាំ

 

អាពុកពត់ទៅស្ដាំ

អកុសលកម្មទាញទៅឆ្វេង។

- 

អវជាតិបុត្រ

ខូចបំផុតតាំងពីក្មេង

 

ប្រព្រឹត្ដព្រើលផ្សេងៗ

បើលេងអ្វីស្ដីមិនស្ដាប់។

- 

មិនស្ដាយជាតិកំណើត

ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់

 

ត្រឹមត្រូវមិនសូវស្ដាប់

ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។

- 

ម៉ែឪមានគុណណាស់

មិនសំពះខ្លាចអៀនដៃ

 

បើអ្នកក្រៅដទៃ

វិស័យសោះសំពះបាន។

- 

ឆ្លើយបាទចះចា៎ខ្ញុំ

រាបរម្យទមនឹងសន្ដាន

 

ម៉ែឪឯងក្នុងឋាន

ហ៊ានឆ្លើយអីអញអឺអើ។

- 

អនុជាតិបុត្រ

ស្លូតបំផុតស្រណុកប្រើ

 

ប្រកបការប្រសើរ

ដើរតែតាមលំអានឪ។

- 

ប្រដៅទទួលយក

ចេះលៃលកស្ដាប់ខុសត្រូវ

 

ស្រណុកញាក់ធ្លាក់ផ្លូវ

មិនសូវភ្លេចដំបូន្មាន។

- 

អតិជាតិបុត្រ

ល្អបរិសុទ្ធស្ដាប់សីលទាន

 

នាំឪទៅនិព្វាន

ឈានទៅរកកន្លែងសុខ។

- 

ចេះលើសគេដរាប

ជឿបុណ្យបាបប្រេតនរក

 

មិនល្មោភនឹងមូត្រលាមក

ភ័យនឹងភក់ភពសង្សារ។

- 

នេះគឺដើមបាលី

បុត្រទាំងបីបែបកិរិយា

 

ស្រលាញ់ណាស្អប់ណា

តាមសញ្ញាចូលចិត្ដចុះ។

- 

អវធ្លាក់ផ្លូវក្រោម

ប្រព្រឹត្ដព្រមតែខាងខុស

 

អតិជាតិមារយាទខ្ពស់

អនុនោះយ៉ាងកណ្ដាល។

- 

មតិ១០០មានមួយ

គួរតែស្ទូយដាក់លើក្បាល

 

អវគឺស្រើបស្រាល

ត្រអាលយកតែពីរយ៉ាង។

- 

អតិជាតិកំណើត

គំនិតកើតពីកសាង

 

កុសលតំកល់ខាង

សំណាងកើតពីគំនិត

- 

អនុអានាងអើយ

ខ្លួនធំហើយឲ្យចេះគិត

 

ចេះកាញ់ស្គាល់ឆ្ងាយជិត

ប្រព្រឹត្ដយកតែខាងត្រូវ។

- 

រៀនរិះរកទ្រព្យធន

យកប្រពន្ធមើលធុនឪ

 

ធុនថើកជ្រកខុសត្រូវ

អ្នកកុំទៅខ្លាចបន្លា។

- 

ផ្លូវវៀចកុំបោះបង់

ផ្លូវព្រៃត្រង់កុំយាត្រា

 

ឈានឈរពិចារណា   

ឆ្ការឲ្យស្អាតសឹមដើរទៅ។

- 

កុំដើរភ្លើភ្លេចខ្លួន

ខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ

 

ជ្រកម្លប់សំណាក់នៅ

កុំបោះពៅផ្ទប់គល់ឈើ។

- 

ឆេះខ្លោចសំបកក្រោម

ស្រពោនញមស្លោកស្លឹកលើ

 

មានភ្នែកឲ្យចេះមើល៍

កុំល្ងីល្ងើល្ងង់ល្ងិតពេក។

- 

រៀនដើរឲ្យមើលផ្លូវ

ធ្វើស្រែស្រូវឲ្យមើលមេឃ

 

ម្លប់ធ្លកធ្លាប់ជ្រកដេក

ជាដំណេកអ្នកដំណើរ

- 

ដំណែលដែលគេដាក់

ជាដំណាក់ទំនូលផ្ញើ

 

ចំណាំចាំគ្រាន់បើ

ដើរក្រោយៗគ្រាន់ជ្រកទៀត។

- 

ឈើណាទោសសត្រូវ

ដុះជិតផ្លូវនាំចង្អៀត

 

ជំពប់យប់អាធ្រាត្រ

ឆ្លៀតកាប់ចេញកុំទុកវា។

- 

បន្លាគល់សង្គត់

គន្លងផុតតែភ្នែកជា

 

ដើរយប់ជំពប់ពារ

ក្រែងគ្រោះគ្នាអ្នកដើរក្រោយ។

- 

គ្នាមុតកុំចាំផ្ទាន់

ឃើញគួរជាន់កុំបណ្ដោយ

 

បណ្ដើរមើលខ្លាំងខ្សោយ

ឲ្យពិនិត្យពិចារណា។

- 

ពាក្យពិតត្រង់ប្រាកដ

ត្រូវច្រើនបទច្រើនប្រការ

 

ប្រកបជាប្រស្នា

ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់។

- 

ផ្លូវពិតទាំងជិតឆ្ងាយ

សព្វសុសសាយមិនសេសសល់

 

អ្នកណាប្រាជ្ញាដល់

ដឹងយោបល់ច្រើនកន្លែង។

- 

កូនអើយការកេរ្ដិ៍ឈ្មោះ

កុំចង់រស់តែម្នាក់ឯង

 

គិតអ្វីគិតឲ្យវែង

ក្រែងក្រក្រោយស៊យគំនិត។

- 

កំណើតរាល់រូបកាយ

ចេញជួញឆ្ងាយស្ដាយជួញជិត

 

ចិញ្ចឹមជន្មជីវិត

គិតឲ្យស្រេចទើបបានស្រួល។

- 

ធ្វើស្រែចង់បានស្រូវ

ដើមរដូវធ្វើស្រែទួល

 

ស្រែទាបមើលទំនួល

លើកទំនប់ឲ្យមាំមួន។

- 

កូនអើយកេរ្ដិ៍មេបា

ចាំរក្សាមើលថែថួន

 

ធុញថប់ថយថោកខ្លួន

ជួនជាខ្សត់គេថាខ្សោយ។

- 

ស្រូវខ្សោយអង្ករថ្លៃ

លក់សំចៃទុកឆ្នាំក្រោយ

 

អ្នកក្ររកញយៗ

ឲ្យអ្នកសុំជាងអ្នកខ្ចី។

- 

សប្បុរសពេកថយធន

មូទូជនថយរាសី

 

ប្រពន្ធល្អច្រើនអាប់ប្ដី

ពាក្យអប្រិយចាញ់អាត្មា។

- 

ឈើផ្លែចាញ់សន្លឹក

ត្រីវរវឹកទឹកមិនថ្លា

 

កំណាញ់ក្រៅតំរា

សោតសឹងអាប់ប្រយោជន៍យស។

- 

នឹងឲ្យៗមើលភាព

ឲ្យអ្នកទាបជាងអ្នកខ្ពស់

 

អ្នកទិញឈប់សិនចុះ

ក្នុងតែរស់មិនស្លាប់ងាយ។

- 

កំណាញ់ហួសកំណត់

ពាក្យអ្នកខ្សត់ខ្សបនិយាយ

 

ទេវតាផ្ដន្ទាទាយ

រលាយអស់រលស់ឯង

- 

សទ្ធាមើលធនធាន

ជាតិអ្នកមានមិនអង្វែង

 

កំណាញ់ដោយកន្លែង

ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ។

- 

អ្នកក្រខ្ចីនេះកុំ

អ្នកមានសុំនេះគួរឲ្យ

 

អ្នកប្រាជ្ញអង្គាសញយ

អស់ក៏ដោយឲ្យទៅចុះ។

- 

អ្នកក្របានជាហាម

ពិបាកតាមទៅឯណោះ

 

ទាល់ទឹកចូលច្រមុះ

ច្រើនកើតឈ្លោះពីព្រោះយល់។

- 

អ្នកមានគេមានខ្មាស

សងរហ័សមិនអំពល់

 

ជួនយើងមានរវល់

គេស្គាល់មុខស្រណុកខ្ចី។

- 

អ្នកក្រៗទាំងចិត្ដ

ស្រូវឆ្មារល្ឥតឲ្យមើលល្អី

 

វាល់ល្អកន្ដាំងបី

ទាន់ស្រូវថ្មីទារឆាប់បាន។

- 

ជួនក្រែងឯងក្រវិញ

ទោះដូរទិញមើលប្រមាណ

 

ជឿបុលខ្ចីសន្ដាន

កុំហ៊ានពារកញ្ជើធំ។

- 

ខ្លួនក្រកំចង់ធាត់

កុំងាកមាត់អាងតែសុំ

 

ជឿខ្ចីល្អីក្រមុំ

ស្រូវឯងទុំស្រណុកសង។

- 

បើជឿខ្ចីគេឲ្យ

កុំទៅញយគេឲ្យខ្នង

 

ឯណេះឯណោះផង

កុំច្រើដងគេមើលងាយ។

- 

ក្រលុយកុំងុយដេក

ចូលដំណេកកុំនិយាយ

 

សំពត់ញាត់សំពាយ

រាយរើសរៀបញាត់សំពៀត។

- 

រៀបដេកសំពះគុណ

កុំដេកស៊ុនឲ្យប្រុងស្នៀត

 

ភ្លើងឆេះយប់អាធ្រាត្រ

កណ្ដៀតទូលប្រមូលរត់។

- 

ខ្លួនរាស្រ្ដក្រមាសប្រាក់

ភើចកន្រ្ដាក់អាវសំពត់

 

ទំរាំភ្លើងរលត់

ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ។

- 

កូនអើយគិតឲ្យគ្រប់

រៀងរាល់យប់កុំទំនេរ

 

ជាងដេកលក់ទទេ

យល់សប្ដជេរបីសាចក្រៅ។

- 

ទំលាប់មាត់មមើ

ស្រែកថាយើៗ
អៅៗ

 

ចោរខ្មាំងខ្មោចចិត្ដខ្មៅ

ហៅមេខ្មៅវ៉ៃឲ្យខ្មុក

- 

ដេកផ្អៀងជាងអង្គុយ

ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់

 

ពីល្ងាចដេកពុំលក់

មាន់រងាវជក់ស៊ីម្លូស្លា។

- 

ជាងល្ងឹតឥតអំពើ

ឥតអ្វីធ្វើសូត្រធម៌អាថិ

 

បើច្បាស់វិបស្សនា

ស្មាស្មាធស្មឹងប្រឹងឲ្យស្មោះ

- 

គងខ្នើយដេកកើយស្មុគ្រ

គ្របឲ្យសុខសូត្រអំបោះ

 

កុំដាក់ដោយកៀនកោះ

អស់នឹងសត្វកណ្ដៀរកោរ។

- 

កណ្ដុរកន្លាតកាត់

ដល់កំណាត់ខានដេរខោ

 

ជួនកាលមានអាចោរ

លលបលួចលីទៅបាត់។

- 

កុំដាក់ឆ្ងាយប្រយោល

ទុកជាចោលមិនប្រយ័ត្ន

 

ប្រយោជន៍យប់យាមស្ងាត់

បង្កាត់ភ្លើងបង្គោលគោ។

- 

បង្ការក្រែងមូសខាំ

ត្រូវចំណាំខ្យល់ជំនោរ

 

បាយកកផ្អកម្ហូបជោរ

ឲ្យអាលោស៊ីចាំសេះ។

- 

កំណើតឆ្កែញីឈ្មោល

ដេកចំណូលតែនិងផេះ

 

រៀនប្រើមើលចំណេះ

រិះចំណាំតាមកិរិយា។

- 

ទោះប្រើកូនតូចធំ

រឺប្រើខ្ញុំឲ្យធ្វើការ

 

ធ្វើកលយល់ប្រាជ្ញា

អាណាហ៊ានប្រើទៅឆ្ងាយ។

- 

អាខ្លាចប្រើតែជិត

ឥតគំនិតប្រើរៀងអាយ

 

ខុសម្ដងកុំជេរម្ដាយ

ពេលដល់បាយកុំនាំឈ្លោះ។

- 

មនុស្សឃ្លានវាហ៊ានឆ្លើយ

ស៊ីរួចហើយបន្ទោសចុះ

 

បានឆ្អែតប៉ោងពេញពោះ

ស្ដីខុសត្រូវមិនសូវខឹង។

- 

កូនអើយពាក្យអាពុក

ចំណាំទុកពីត្រឹមណឹង

 

ធ្វើប្រុសឲ្យខំប្រឹង

រៀនឲ្យដឹងស្គាល់ពុតស្រី។

- 

មារយាទនិងមាយា

ម្យ៉ាងចិត្ដជាចេះថ្នមប្ដី

 

ប្ដូរស្លាប់រស់វាហី

យកពីរបីនេះមិនបាន។

- 

កុំលោភច្រើនៗព្រួយ

យកតែមួយសុខក្សេមក្សាន្ដ

 

ចិត្ដស្រីទាំងប៉ុន្មាន

ហ៊ានប្រមូលម៉ៅមិនខុស។

- 

មិនខូចគ្រប់តែស្រី

ល្អពីបីចាំទុកចុះ

 

ជាតិស្រីលោភលើប្រុស

នោះមិនខុសស្រីណាមួយ។

- 

ខ្លាំងខ្សោយកុំឲ្យខ្សត់

ទោះនឿតហត់កុំលំអួយ

 

ធ្វើប្រុសតែងតែព្រួយ

ស្រីមិនជួយកុំត្អូញត្អែរ។

- 

ខ្លួនខ្លាំងកុំគិតខ្លាច

ស្រីៗកាចស្លូតដោយខែ

 

រដូវធ្វើស្រូវស្រែ

ចែប៉ប្រែស្ដីលើប្រុស។

- 

ខែស្ទូងនិងខែច្រូត

កាចរហូតដល់ខែបុស្ស

 

ខែបែនបោករលស់

រលីងអស់អំពីដី

- 

ជញ្ជូនដាក់ជង្រុក

ពូជពេញទុកស្បោងពីរបី

 

ដំណើបបួនដប់ល្អី

ស្រីៗស្លូតហើយខែហ្នឹង។

- 

ស្លូតផុតនៅខែមាឃ

ស្ដីធ្ងន់ពាក្យមិនសូវខឹង

 

បើប្រុសៗមិនដឹង

ប្រឹងតែព្រួតស្អប់ស្រីៗ។

- 

ម្យ៉ាងទៀតមារយាទខូច

មាយាបេះក្រូចមាយាដកខ្ញី

 

មានប្រុសសហាយថ្មី

រឹតថ្នមប្ដីមិនឲ្យអាក់។

- 

អីអើតែមាត់ក្រៅ

ចិត្ដមួម៉ៅគ្មានត្រជាក់

 

ត្រីសាច់ល្អលួចលាក់

ដាក់តែឆ្អឹងឲ្យឯងស៊ី។

- 

បញ្ជោរចេះបញ្ចើ

បញ្ឆោតប្រើឯងវក់វី

 

វរវឹកព្រួតប្រុសពីរ

ស៊ីទាល់ងាប់គាប់សងខាង។

- 

មួយទៀតផិតកំលោះ

ស្រលាញ់ស្មោះស្ម័គ្រអស់យ៉ាង

 

លោមប្ដីលាសំណាង

ទាស់ក្អេងក្អាងទារសំបុត្រ។

- 

បើប្ដីមិនព្រមលែង

លបជំទែងជំទយរត់

 

មួយទៀតខូចបំផុត

មាត់ឲ្យប្រុសសំលាប់ប្ដី។

- 

ម្យ៉ាងទៀតមារយាទជា

មានច្រើនគ្នាក្នុងលោកិយ

 

ប្រាកដពេញជាស្រី

ប្រុសពីរបីស្មាលាកម្ម។

- 

ស្លាប់រស់មួយនឹងមួយ

មិនចង់ព្រួយយកប្រុសប្រាំ

 

ប្ដីស្លាប់បួនដប់ឆ្នាំ

ចាំសីលទានមិនមែនទៀត។

- 

ធ្វើបុណ្យផ្សងសច្ចា

សុំប្រាថ្នាជួបរាល់ជាតិ

 

អុចធូបដេកឱបធាតុ

កណ្ដៀតថោកោរកាន់ទុក្ខ។

- 

និយាយពីពុតប្រុស

ចូរចាំចុះជាទំនុក

 

ដំណតទៅមុខ

អាពុកប្រាប់ឲ្យស្រីចាំ។

- 

ប្រពន្ធមួយមិនស្កប់

ប្រពន្ធដប់គ្រាន់តែស្កាំ

 

កាចស្លូតរហូតឆ្នាំ

រាំដរាបរាល់រូបា។

- 

កាចម្យ៉ាងខាងល្ងាចព្រឹក

រឿងបាយទឹកថ្នាំម្លូស្លា

 

កាចម្យ៉ាងខាងធ្វើការ

ម្យ៉ាងទៀតណារឿងប្រចណ្ឌ។

- 

ប្រជុំជាតិចិត្ដប្រុស

ត្រូវនិងខុសជាកំណាន់

 

គំនិតល្អសំខាន់

ប្រកាន់មើលអិរិយាបថ។

- 

ប្រចណ្ឌរាវរាលឈ្មោះ

ច្រើនកើតឈ្លោះទៅជាខ្សត់

 

មួយឃើញជាក់ប្រាកដ

ប្រកៀកចាប់ធ្វើទោសបាន។

- 

លកលៃតែខាងប្រុស

ប្រពន្ធខុសបង្អង់ខាន

 

ខូចម្ដងខាតប៉ុន្មាន

រាប់អានឱបក្រសោបទៀត។

- 

មួយលកលៃទាំងពីរ

នៅរកស៊ីដោយសារញាតិ

 

ស្រីមាយាឥតមារយាទ

ស្មាលាជាតិមិនឲ្យជួន។

- 

ប្រចណ្ឌទាំងបីបទ

គួរគួចកត់ទុកក្នុងខ្លួន

 

លក់ពីរពេញចំនួន

គួនគុំទុកយកជាច្បាប់។

- 

ប្រចណ្ឌហើយយកទៀត

ហៅជួជាតិមារយាទអាប់

 

កូនណាយកតំរាប់

ស្លាប់នឹងស្រីៗមើលងាយ។

- 

ទោសតិចកុំទាញផ្សំ

ឃើញមិនចំកុំនិយាយ

 

កុំចាប់ស្ទើររវើរវាយ

នាំឲ្យវល់អំពល់ចិត្ដ។

- 

ពុតប្រុសនិងពុតស្រី

ចប់សេចក្ដីពីក្បត់ផិត

 

រៀងរើសណាសុខចិត្ដ

គិតសំគាល់រាល់រូបកាយ។

- 

បើមានកូនក្រមុំ

គួរតែកុំបណ្ដោយឆ្ងាយ

 

ឲ្យមើលនាយមើលអាយ

ស្រេចនៅម្ដាយរក្សាកូន។

- 

ប្រយ័ត្នកុំឲ្យឃ្លាត

ភ្លាត់មារយាទមិនសុទ្ធសូន្យ

 

 កុំទុកចិត្ដបងប្អូន

ជីដូនមួយជួយរក្សា។

- 

ក្រមុំមានម្រាក់មិត្រ

មេមួយគិតនាំកិច្ចការ

 

កុំជឿចិត្ដនរណា

មើលកិរិយានៃកូនឯង។

- 

ទោះស្ទូងដកយប់ថ្ងៃ

 ដើរយកដៃដាច់សង្វែង

 

ប្រុសខូចលួចបន្លែង

តែទាស់ភ្នែកបែកមេបា។

- 

ច្រើនណាស់តែសែនខ្មោច

កេរ្ដិ៍អាសោចផុតអាសា

 

នាំកូនឡើងសាលា

គេថាឲ្យជំងឺចិត្ដ។

- 

បើមានកូនប្រសា

មិនទាន់ការគួរឲ្យប្រិត

 

កុំឲ្យបំរើឆ្ឥត

អាណិតវាៗសងគុណ។

- 

យប់ថ្ងៃចូលប្រតិបត្ដិ

គាតក្រវាត់រត់រែកពុន

 

អាចនឹងច្រើនជឿមុន

ស៊ុនអំពីឪពុកម្ដាយ។

- 

រក្សាកូនប្រពន្ធ

រកទ្រព្យធនចង់ធូរចាយ

 

ជួញជិតកុំជួញឆ្ងាយ

ជួញរៀងអាយរក្សាគុណ។

- 

អំពើបាបកុំរៀន

កុំអៀនប្រៀនក្នុងការបុណ្យ

 

លាងទោសចេញជាមុន

ទើបធ្វើបុណ្យចំរើនផល។

- 

បើនឹងចង់គង់ទ្រព្យ

កុំទំលាប់សាងអកុសល

 

របិញរបុញវៀចកាចកល់

ទេវតាផ្ដល់ផ្ដាច់ធនធាន

- 

កុំឈ្នានិសអ្នកខ្សត់

កុំបំភ្លាត់ទ្រព្យអ្នកមាន

 

បើខ្លួនខ្សត់អត់ឃ្លាន

រៀនតែរកតាមទៀងត្រង់។

- 

ជួញខាងកុំឈប់ខាន

បើចង់បានកុំខ្លាចបង់

 

ខ្លាចបាត់ឲ្យផ្ចិតផ្ចង់

ប្រុងថែទាំឲ្យមាំមួន។

- 

កុំភ្លើធ្វើជាភ្លេច

ភ្លាត់បន្ដិចខ្លាចក្រែងជួន

 

ក្រែងចោរចូលមកពួន

លូនលបលួចយកទ្រព្យទៅ។

- 

ប្រហែសតែងតែបាត់

ប្រុងប្រយ័ត្នតែងតែនៅ

 

គិតសព្វគ្រប់ដោយផ្លូវ

សូវទ្រាំនឿយកុំទ្រាំក្រ។

- 

នៅផ្ទះស្រះរបង

របាចងឲ្យជាប់ល្អ

 

ប្រើប្រាស់ខ្ញុំកំដរ

ឲ្យបរិភោគដោយខ្លួនឯង។

- 

នឹងប្រើទៅហៅមក

កុំគំហកយកកំហែង

 

កុំហាឡើងហង់ឯង

ក្រែងកំហល់ទល់កំហឹង។

- 

កុំហួសពាក្យសំដី

ការអ្វីៗឲ្យចេះថ្លឹង

 

កុំប្រើព្រួតលើប្រឹង

ក្រែងកើតខឹងវានាំខាត។

- 

មនុស្សខឹងច្រើនៗខុស   មនុ

ស្សច្រើនឈ្លោះច្រើនប្រមាថ

 

ការល្អច្រើនត្រូវខ្នាត

យើងចង់ស្អាតកុំខ្លាចយូរ

- 

ចង់ប្រាជ្ញឲ្យខំប្រឹង

ចងក្បិនតឹងរកស៊ីធូរ

 

គំនិតមុនគំនូរ

រៀនមានគ្រូមានគេរាប់

- 

បំរើឪពុកម្ដាយ

អ្នកនៅឆ្ងាយគេច្រើនគាប់

 

អ្នកណាបំរើខ្ជាប់

ធ្លាប់តែខុសមិនដែលត្រូវ

- 

ជាតិមនុស្សទោះខ្ពស់ទាប

មិនចោលភាពជាម៉ែឪ

 

ពាក្យមនុស្សវែងជាងផ្លូវ

ស្រូវច្រើនខួបខូចអង្ករ

- 

របស់ទ្រព្យថោកថ្លៃ

ទុកសំចៃលៃឲ្យល្អ

 

អុងអាងពាងក្រឡ

ត្រដរទិញកុំឲ្យខ្វះ

- 

កើតមកជាខ្លួនរាស្រ្ដ

ក្រប្រាក់មាសឲ្យមានខ្មាស

 

សារពើគ្រឿងប្រើប្រាស់

ឲ្យមានចាស់ឲ្យមានថ្មី។

- 

ពូថៅដឹងកាំបិត

ពន្លាកខ្វិតចបវែងខ្លី

 

ខ្សែសេះគោក្របី

ឫ្សីផ្ដៅកាច់សង្រែក។

- 

ការងាយកុំឲ្យក្រ

អាក្រក់ល្អមានដោយឡែក

 

ថ្ងៃនេះរបេះបែក

ស្អែកខំរើធ្វើជាឆាប់។

- 

ឈ្មោះការប្រើលើដី

កុំចាំស្រីតឿនប្រើប្រាប់

 

ឲ្យមានគ្រប់ប្រដាប់

ដំរាប់រាល់ឲ្យសល់ប្រើ

- 

កុំខ្ជិលល្ងង់ខ្លៅពេក

ឲ្យចេះដេកឲ្យចេះដើរ

 

ចេះសព្វគ្រប់ប្រសើរ

កុំចង់ហើរហួសភាពខ្លួន

- 

ចង់ក្ដីឲ្យរៀនច្បាប់

រស់និងស្លាប់ឲ្យចេះក្បួន

 

ចេះអ្វីចេះឲ្យមួន

កុំបន្លំផ្សំនឹងគេ

- 

កុំដេកចាំសំណាង

កុំក្អេងក្អាងចាំបុព្វេ

 

ខំរកកុំទំនេរ

រេរៀនរិះចេះឲ្យគ្រប់

- 

នឹងដើរស្វែងរកផល

មិនទាន់ដល់កុំអាលឈប់

 

ឈានខ្លាំងពេកជំពប់

បើដេកយប់ឲ្យស្គាល់យាម។

- 

កុំដេកយូរទ្រមឹក

លក់ហួសព្រឹកខុសទំនៀម

 

តែភ្លឺឡើងភ្ញាក់ភ្លាម

ព្រហាមឡើងក្រោកធ្វើការ

- 

ជាតិមនុស្សទោះប្រុសស្រី

រាស្រ្ដមន្រ្ដីជាធម្មតា

 

ពេលព្រឹកតែងអុស្សាហ៍

ថ្ងៃក្ដៅល្អាខ្ជិលល្ឥតឆ្អឹង។

- 

ចង់ធំខំពីតូច

បើខ្លាចខូចកុំឆាប់ខឹង

 

ការអ្វីឲ្យចេះថ្លឹង

កុំប្រឹងជុះតាមដំរី។

- 

កុំចង់ខ្ពស់ស្មើមេឃ

កុំឱនពេកអាប់រាសី

 

ទោះដើរនិយាយស្ដី

លៃតែល្មមឲ្យគួរសម។

- 

យល់ឆ្ងាយកុំណាយគិត

ទោះយល់ជិតកុំអាលខំ

 

មិនជាក់មើលឲ្យចំ

ក្រែងច្រឡំសជាខ្មៅ

- 

ទំលាប់ធំជាងច្បាប់

បើរៀនត្រាប់កុំត្រាប់ខ្លៅ

 

ត្រាប់ប្រាជ្ញអាចប្រដៅ

ស្ដីកូនចៅស្ដីឲ្យស្មោះ។

- 

ស្មឹងស្មឹលសិល្ប៍របៀន

ឲ្យគេរៀនកុំឲ្យអស់

 

ស្រលាញ់កុំញេះញ៉ោះ

បើខឹងទាស់កុំឲ្យទាយ។

- 

ឆ្កែព្រុះកុំព្រួយពេក

ឃើញឆ្កែដេកកុំមើលងាយ

 

កំណប់ដប់សំពាយ

កុំនិយាយប្រាប់សម្លាញ់។

- 

សំលឹងមើលឲ្យសព្វ

បើនឹងស្អប់កុំអាលបាញ់

 

ក្ដីឈ្នះគេចុះចាញ់

កុំក្នាញ់តាមផ្ដន្ទាទៀត។

- 

បើខឹងកុំរំលោភ

បើនឹងល្មោភឲ្យល្មមមាឌ

 

កុំមាត់ក្រែងភ្លាត់ស្នៀត

វាតហួសវង់ផុតគំនិត។

- 

កំណើតអាក្រក់ល្អ

មាននិងក្រពីគំនិត

 

ពីកាលបុព្វេពិត

ងងឹតពេកមើលមិនយល់

- 

ដាំដូងឲ្យខំថែ

ចង់ស៊ីផ្លែឲ្យដុតគល់

 

បើជួនសំណាងដល់

រវល់តែស៊ីឆ្ងាញ់ពិសា។

- 

ប្រាជ្ញប្រិតប្រៀនប្រដៅ

ចូរកូនចៅពិចារណា

 

រំពឹងក្នុងប្រាជ្ញា

ស្រាយបញ្ហានេះឲ្យដឹង។

- 

ចេះច្បាប់កេរកាលថ្មី

អស់សេចក្ដីតែប៉ុណ្ណឹង

 

កូនប្រុសអ្នកខំប្រឹង

សំលឹងចាំតទៅមុខ

- 

ពីឆ្នាំចតទៅ

ខំធ្វើស្រូវដាក់ជង្រុក

 

អាសូរពាក្យអាពុក

ទុកឲ្យកូនចៅគ្រប់គ្នា

- 

អាពុកកាន់តែចាស់

ស្ដាយខ្លួនណាស់ចូលជរា

 

ពាក្យពិតប្រាំរយឃ្លា

ជាសូរេចម្ល៉េះឯងហោង។

- 

អ្នកប្រាជ្ញភិរម្យល្បី

លើច្បាប់ថ្មីអស់ល្បត់ល្បង

 

ឈ្មោះអូ
ហៅ
ង៉ុយផង

ចងជាច្បាប់សំរាប់ជន

- 

ខ្ញុំសូមផ្សងសច្ចា

កើតជាតិណាសូមមានបុណ្យ

 

មូលកូនមូលប្រពន្ធ

ធនសម្បត្ដិសំបូរចាយ

- 

ស្មាលាក្រលំបាក

សូមជៀសចាកចតុរាបាយ

 

សូមល្អពង្សរូបកាយ

កុំឲ្យឆ្ងាយពីព្រះពុទ្ធ

- 

ប្រាជ្ញាកុំទើសទាស់

ចេះអាថិធម៌ឲ្យមាំមុត

 

សូមជាប់សីលបរិសុទ្ធ

រលត់ទុក្ខសោករោគភ័យ

- 

អានិសង្សបុណ្យខ្ញុំបាន

សាងប៉ុន្មានក្នុងលោកិយ

 

សម្បត្ដិសួគាល័យ

កុំបីឃ្លាតរវាតវែងឆ្ងាយ

- 

ពីជាតិនេះទៅមុខ

មូលអាពុកជួបមូលម្ដាយ

 

បងប្អូនកុំខ្ចាត់ខ្ចាយ

អធិប្បាយចែងចប់អេវំ

 

 អ្នកព្រះភិរម្យភាសា
អ៊ូ
ហៅ
ង៉ុយ

 

No comments:

Post a Comment