Saturday, August 28, 2010

ច្បាប់ត្រីនេតិ

ច្បាប់ត្រីនេតិ

បទកាកគតិ

បពិតមហារាជ

ទ្រើទ្រង់អំណាច

អញ្ជើញស្ដេចស្ដាប់

 

ទំនឹមទំនង

នេះហោងជាច្បាប់

ទុកជាសណ្ដាប់

  

នៃនរជនជាតិ។

 
 

នរូអ្នកណា

នឹងចូលទៅជា

វររាជអាមាត្យ

 

សេនាមន្រ្ដី

កវីជាអាទិ៍

រៀនច្បាប់ជាខ្នាត

  

តែងទុករៀងទៅ។

 
 

បំរើព្រះបាទ

ព្រះបរមនាថ

អធិរាជចមចៅ

 

ឲ្យសមឲ្យល្មម

នឹងក្សត្រានៅ

ឲ្យឡើងគាល់ហ្វៅ

  

អ្នកជាអម្ចាស់។

 
 

មួយនោះព្រះអង្គ

ក្សត្រាទ្រើសទ្រង់

គ្រងផ្ទៃក្រោមក្រាស់

 

គួរមានមនោរម្យ

សុខសមសោមនស្ស

រៀនឲ្យច្បាស់លាស់

  

ត្រង់ច្បាប់នេះណា។

 

អស់មុខមន្រ្ដី

ដោយព្រះបាលី

នាសតិរាជា

 

បើមុខមន្រ្ដី

ពុំពិចារណា

នឹងក្សិណក្សត្រា

  

ពុំលែងឡើយហោង។

 
 

ត្យិតមុខមន្រ្ដី

សេនាបតី

ពុំដោយគន្លង

 

លោភោចង់បាន

បំពានរាស្រ្ដផង

រាស្រ្ដរឹងក្ដៅហោង

  

អង្គងឥតអាស្រ័យ។

 
 

រាស្រ្ដដូចមច្ឆា

មន្រ្ដីសេនា

ដូចគង្គានៃ

 

បើប្រែជាក្ដៅ

ក្រៃក្រៅវិស័យ

រាស្រ្ដរឹងកើតភ័យ

  

អង្គឥតពុំនាក់។

 
 

មន្រ្ដីយោធា

បីដូចព្យគ្ឃា

និងពស់ពភ្លាក់

 

រីអស់រាស្រ្ដផង

ចរចូលពឹងពាក់

ក្សិណប្រែជាយក្ខ

  

យង់ឥតករុណា។

 
 

មួយកុបុត្ដំ

ទាសតិធនំ

បទបន្លែថា

 

បើមានកូនកាច

កំណាចហើយណា

សឹងវិនាសប្រា

  

កដគឺសណ្ដាន។

 

១០

មួយកុភូមំ

នាសតិធនំ

វិនាសធនធាន

 

នៅភូមិអាក្រក់

នោះនឹងកើតមាន

ព្យាធិបៀតប្រាណ

  

ពិតពុំប្រពៃ។

 
 

មួយកុគេហំ

នាសតិវិជំ

បន្លែនេះនៃ

 

នៅផ្ទះអាក្រក់

នឹងកើតហិនហៃ

ប្រាជ្ញាញាណញេយ្យ

  

អាប់ឥតមង្គល។

 
 

កើតកេរ្ដិ៍អាប់យស

ដោយនូវពាក្យមនុស្ស

គេដើរមកយល់

 

ហើយគេដឹងថា

ផ្ទះអាក្រក់សល់

កើតអពមង្គល

  

ដោយពាក្យគេថា។

 
 

ឯសុមន្រ្ដី

ដោយអាថិបាលី

វុឌ្ឍិរាជា

 

បើមុខមន្រ្ដី

មែនមានប្រាជ្ញា

ដឹងអស់អធ្យា

  

ស្រ័យគ្រប់ប្រការ។

 
 

តំរង់មហាក្សត្រ

សោយរាជសម្បត្ដិ

ក្សេមក្សាន្ដភពភារ

 

អស់រាស្រ្ដមណ្ឌល

សកលបរិពារ

សឹងអស់រង្គាល

  

ដល់តិចឡើយហោង។

 

១៥

ឯសុបុត្ដំ

វុឌ្ឍិកុលំ

ថាបើកូនផង

 

មែនមានគំនិត

ល្អឥតឯហ្មង

សឹងចំរើនបង

  

ប្អូនសាច់សន្ដាន។

 
 

ឯសុភូមំ

វុឌ្ឍិធនំ

ថាទោះភូមិស្ថាន

 

ល្អហើយនោះនឹង

ចំរើនធនធាន

សារពើសឹងបាន

  

ដូចចិត្ដប្រាថ្នា។

 
 

ឯសុគេហំ

វុឌ្ឍិវិជំ

ថានៅគ្រឹហា

 

ល្អហើនោះនឹង

ចំរើនប្រាជ្ញា

សារពើប្រាថ្នា

  

ពិតពុំកម្រ។

 
 

ទោះអ្នកផងដើរ

គេសឹងសរសើរ

ថាផ្ទះនោះល្អ

 

ចំរើនសួស្ដី

ចំរើនមាត់ម

នុស្សផងគេសរ

  

សើរផ្ទះនោះនៃ។

 
 

ច្បាប់នេះត្រកាល

សូមព្រះភូបាល

បរមក្សត្រិយ៍ថ្លៃ

 

ទ្រង់ព្រះតំរិះ

ត្រិះដោយញាណញេយ្យ

ទុកក្នុងហរិទ័យ

  

ជាច្បាប់ទៅហោង។

 

២០

បពិត្រព្រះបាទ

ព្រះបរមនាថ

លើសលោកកន្លង

 

ជាតិជាអិសូរ

កំពូលរាស្រ្ដផង

ព្រះអង្គជាច្បង

  

ឯងឥតផ្ទឹមដល់។

 
 

យកព្រះប្រាជ្ញា

យកព្រះញាណថ្លា

ថ្លែងព្រះយោបល់

 

ត្រេកត្រិះតំរាប

អ្នកបាបកំហល់

ឲ្យនីរព្យសន៍សល់

  

បានដូចប្រាថ្នា។

 
 

ទុក្ខរាស្រ្ដទាំងឡាយ

ក្នុងក្រៅបន្ទាយ

សព្វព្រះមាត្រា

 

ព្រះឱស្ឋបណ្ដាំ

ទុកលើសិរសា

ទំងន់អាជ្ញា

  

លើរាជមន្រ្ដី។

 
 

បពិត្រមហារាជ

ទ្រើសទ្រង់អំណាច

ចេស្ដារិទ្ធី

 

អញ្ជើញស្ដេចស្ដាប់

ជាច្បាប់គម្ពីរ

សព្វព្រះសំភី

  

ថ្កល់ថ្កើងចំពោះ។

 
 

បីៗអសារ

បីៗឥតការ

បីៗសូន្យសោះ

 

ម្ដេចហៅអសារ

ឥតការដូច្នោះ

ម្ដេចហៅសូន្យសោះ

  

ទេទៅឥតត្រើយ។

 

២៥

នាហៅអសារ

មានទ្រព្យឥតការ

ពុំធ្វើបុណ្យឡើយ

 

ពុំសងគុណគេ

អ្នកឯទៀតឡើយ

ញាតិឯងជាត្រើយ

  

ពិតពុំស្រោចស្រង់។

 
 

នាហៅអសារ

មានទ្រព្យឥតការ

ពុំធ្វើបុណ្យឡើយ

 

ពុំសងគុណគេ

អ្នកឯទៀតឡើយ

ញាតិឯជាត្រើយ

  

ពិតពុំស្រោចស្រង់។

 
 

នាហៅឥតការ

ចាំសីលាចារ

មោះឥតពាក្យត្រង់

 

ចិត្ដចង់បានបុណ្យ

ពុំប្រណិប័តន៍សង្ឃ

ចង់យសបានអង្គ

  

ពិតពុំឧស្សាហ៍។

 
 

នាហៅសូន្យសោះ

លឺធម៌ពិរោះ

ពុំស្ដាប់ធម្មា

  

ពុំធ្វើបរិសុទ្ធ។

 
 

បីផ្គង់ស្នេហា

បីផ្គង់ភរិយា

បីៗផ្គង់បុត្រ

 

ម្ដេចហៅស្នេហា

ភរិយាបរិសុទ្ធ

ម្ដេចហៅផ្គង់បុត្រ

  

អស់ន័យនេះផង។

 
 

នាផ្គង់ស្នេហា

រសគាប់ពិសា

កុំភ្លេចឡើយហោង

 

សំណេះសំណួរ

សាកសួរស្នេហ៍ស្នង

ឧត្យាតនេះហោង

  

ពុំបង់ឡើយនៃ។

 

៣០

នាផ្គង់ភរិយា

រណ្ដាប់គ្រីហា

ខ្ជាប់ខ្ជួនប្រពៃ

 

ទោះទ្រព្យរបស់

អំរស់ទុកដៃ

រក្សាសំចៃ

  

ពុំធ្លោយឡើយណា។

 
 

នាហៅផ្គង់បុត្រ

ប្រពៃបរិសុទ្ធ

ឲ្យរៀនសាស្រ្ដា

 

សិល្បសារពើគាប់

ជាច្បាប់អាត្មា

អរឲ្យភរិយា

  

ដូចដោយចិត្ដថ្វាត់។

 
 

បីៗហិនល័ក្ខណ៍

បីៗហិនស័ក្ដិ

ហិនសួស្ដីថ្វាត់

 

ម្ដេចហៅហិនល័ក្ខណ៍

ហិនស័ក្ដិបង់បាត់

ហិនសូន្យទៀងទាត់

  

ន័យនេះសោតហោង។

 
 

នាហិនលក្ខណា

សរសើរអាត្មា

ឯងចេះកន្លង

 

ពោលឥតគេស្ដាប់

សូរស័ព្ទសាសង

ចូលស្ថានអ្នកផង

  

ឥតគេស្រដី។

 
 

នាហៅហិនល័ក្ខណ៍

ស័ព្ទគេលឺជាក់

ឥតស័ព្ទភេរី

 

មានមហាក្សត្រា

ឥតមានក្សត្រី

មានរាជធានី

  

ហើយគ្មានបន្ទាយ។

 

៣៥

នាហិនសួស្ដី

ល័ក្ខណ៍ផ្ទះអប្រិយ

ភូមិសោតរំសាយ

 

ស័ក្ដិសឹងពុំជា

យាត្រាទៀតឆ្ងាយ

និមិត្ដស្កុនកាយ

  

អង្គឲ្យអប្រិយ។

 
 

បីៗបាត់ស្និទ្ធ

បីៗបាត់មិត្ដ

បីបាត់ពន្លឺ

 

ម្ដេចហៅបាត់ស្និទ្ធ

បាត់មិត្ដមេត្រី

ពន្លឺរស្មី

  

បាត់បង់នោះណ៎ា។

 
 

នាហៅបាត់ស្និទ្ធ

ពោលពាក្យសុខចិត្ដ

ខ្សឹបខ្សៀវជេរថា

 

ធ្វើមុខអាក្រក់

កុហកជាសា

ហេតុនោះលោកថា

  

បាត់ស្និទ្ធពុំមាន។

 
 

វិន័យបាត់មិត្ដ

ពោលពាក្យពុំគិត

សត្យាសងសាន

 

នាស្ថានលំនៅ

ពុំទៅមកថ្កាន

ខ្ចីទ្រព្យបង្ខាន

  

មុខពុំឲ្យយល់។

 
 

នាបាត់ពន្លឺ

ភ្នែកពិតពុំភ្លឺ

ពុំយល់បរិបូណ៌

 

ឥតសាច់ឥតញាតិ

ស្ដាប់ស័ព្ទស្ដាប់សូរ

ពិតពុំបរិបូណ៌

  

វិញ្ញាណឯងអាច។

 

៤០

បីបាត់ខុនណាង

បីៗបាត់ជាង

បីៗបាត់ប្រាជ្ញ

  

ទាំងបីនេះណ៎ា។

 
 

នាហៅបាត់ខុន

ណាងនេះជាមុន

ស្រីមានលក្ខណា

 

ពុំស្ដាប់អម្ជាស់

យប់ថ្ងៃឡើយណ៎ា

ខ្លួនចាស់ព្រឹទ្ធា

  

ស្រដីឡេះឡោះ។

 
 

រីបាត់ជាងជាតិ

ធ្វើការឥតខ្នាត

ពុំស្រេចការនោះ

 

វាតែងឲ្យឃ្លាត

នឹងខ្នាតសូន្យសោះ

ពុំត្រូវចំពោះ

  

នឹងក្បួនច្បាប់ឡើយ។

 
 

នាបាត់ប្រាជ្ញប្រុះ

កាលជុំនុំនោះ

ស្ងៀមស្ងាត់ព្រងើយ

 

ពាក្យពុំស្រដី

តិរ្ថិយឥតត្រើយ

ពុំសេពគប់ឡើយ

  

មារយាទអប្រិយ។

 
 

បីៗបានរស

បីៗសប្បុរស

បីៗពន្លឺ

 

ម្ដេចហៅមានរស

សប្បុរសមេត្រី

ពន្លឺរស្មី

  

ចាយចែងចរចា។

 

៤៥

ទោះមានរសកាលណា

សេពសោយអាហារ

មានរសពិសា

 

អ្នកមានសប្បុរស

កបរសវាចា

មែនមានភរិយា

  

មារយាទប្រពៃ។

 
 

រីសប្បុឫា

ប្រកបលក្ខណា

មានធម៌សោតនៃ

 

ស្រដីនូវអាថ៌

ជាធម៌ឈ្លាសវៃ

គាល់អម្ចាស់ថ្លៃ

  

មានពិចារណា។

 
 

រឺពន្លឺនោះ

កាលហូបបាយឆ្ពោះ

ទៀងទើបភោក្ដា

 

ពោលពាក្យនូវអ្នក

មានព្រះប្រាជ្ញា

ប្រកបភរិយា

  

ប្រណិប័តន៍សព្វកាល។

 
 

បីៗហិនហោច

បីៗស្រមោច

បីៗសាធារណ៍

 

ម្ដេចហៅហិនហោច

ស្រមោចឥតការ

ម្ដេចហៅសាធរណ៍

  

ស្រេចស្រាយចេញហោង។

 
 

នាហៅហិនហោច

អសោអសោចិ៍

ខ្លួនខ្លៅធ្វើឆ្គង

 

គប់នូវអ្នកផឹក

ប្រមឹកស្រាផង

ប្រពន្ធសោតហោង

  

ស្រដីមាយា។

 

៥០

នាហៅស្រមោច

ត្រមោលកណ្ដោច

កណ្ដែងកំព្រា

 

ឯងមានរបៀប

ឥតប្រៀបអ្នកណា

ឥតបុត្រស្ងួតភ្ងា

  

ត្រមោចសោតសល់។

 
 

នាហៅសាធារណ៍

មានព្រៀងឥតការ

បំបែកកិច្ចកល

 

ប្រពន្ធឫ្សា

អាត្មាទុព៌ល

រឹងព្រួតបំណុល

  

លើខ្លួនទៀតកូវ។

 
 

បីៗសាមាន្យ

បីអន្ដរធាន

បីៗអាស្រូវ

 

ម្ដេចហៅសាមាន្យ

អន្ដរធានកូវ

ម្ដេចហៅអាស្រូវ

  

ពាក្យនេះលោកថា។

 
 

នាហៅសាមាន្យ

សង់ផ្ទះនាស្ថាន

ទៀបផ្សារពុំជា

 

គប់នូវអ្នកពាល

សាធារណ៍មោហា

ប្រពន្ធនោះណ៎ា

  

ច្រើនបំណុលនៅ។

 
 

រីអន្ដរធាន

សង់ផ្ទះនាស្ថាន

នោះនៅជិតផ្លូវ

 

ខ្លួនរែងអប្រិយ

មានក្ដីអាស្រូវ

ប្រពន្ធនោះកូវ

  

ប្រមឹកស្រាផង។

 

៥៥

នាហៅអាស្រូវ

សង់ផ្ទះជិតផ្លូវ

ធ្លានោះសោតហោង

 

ម៉ែក្មេកពុំជា

មាត់រឹងកន្លង

ប្រពន្ធនោះហោង

  

គេលែងទៀតខ្មី។

 
 

បីៗបរលោក

បីៗពុំថោក

បីៗលោកិយ

 

ម្ដេចហៅបរលោក

ពុំថោកនោះក្ដី

ម្ដេចហៅលោកិយ

  

គួរដឹងសោះសា។

 
 

នាហៅបរលោក

រកគ្រូនាលោក

ដ៍មានប្រាជ្ញា

 

ខ្លួនសោតពុំខ្ជិល

ចាំសីលភាវនា

ចិត្ដថ្លាសទ្ធា

  

ពុំដែលដាច់ឡើយ។

 
 

នោះហៅពុំថោក

រក្សាប្រាណលោក

ដំណឹងខ្លួនហើយ

 

អង្គុយខ្ពង់ខ្ពស់

ថ្កើងយសជាត្រើយ

ភរិយាគាប់ហើយ

  

ត្រកូលថ្លៃផង។

 
 

នាហៅលោកិយ

ពុំយល់ឯងក្ដី

មានច្បាប់សោតហោង

 

ពាក្យពោលសត្យា

ចរចាឥតហ្មង

ពាក្យពីរោះផង

  

សាន្ដសមសាទរ។

 

៦០

បីៗប្រាសលោក

បីៗថយថោក

ប្រាសលោកុត្ដរ

 

ម្ដេចហៅប្រាសលោក

ថយថោកពុំប-

រិបូណ៌លោកុត្ដរ

  

ឲ្យពិចារណា។

 
 

នាហៅប្រាសលោក

ស្រដីថយថោក

ពាក្យនោះពុំជា

 

ខ្លួនឯងតំអឹង

ពាក្យរឹងមហិមា

យល់ចាស់ព្រឹទ្ធា

  

ពិតពុំប្រណិប័តន៍។

 
 

ថោកប្រាណពេកណា

ទុរយសអសារ

អង្គុយថយក្ដាត់

 

អាហារថយផ្ចង់

បំរុងពីមាត់

នេះហោងលោកកាត់

  

ហៅថយថោកហោង។

 
 

រីប្រាសលោកកូវ

គួរនោះពុំត្រូវ

ដោយធម៌ទំនង

 

យល់សង្ឃឥតចិត្ដ

ប្រណិប័តន៍សង្ឃផង

សីលទាននោះហោង

  

ពុំស្គាល់ឡើយណា។

 
 

មានតែបំបាត់

ជីវិតសព្វសត្វ

ឥតមានមេត្តា

 

ហៅប្រាសលោកកូវ

គួរនៅឯណា

មានពន្ធបីប្រ-

  

ការអកុសល។

 

៦៥

ព្រះអង្គមហាក្សត្រិយ៍

សោយរាជ្យសម្បត្ដិ

គ្រងរាជ្យមណ្ឌល

 

រើសរកសេនា

ឲ្យជាសុខពល

ហើយនឹងដំកល់

  

ស្នងព្រះនេត្រន័យន៍។

 
 

ក្រឡាពាសធំ

ជាមេកងជុំ

ការសង្រ្គាមជ័យ

 

ស្រាល់រកអ្នកណា

ចេះអធ្យាស្រ័យ

មានប្រាជ្ញាវៃ

  

ស្គាល់គ្រប់រាជការ។

 
 

ស្គាល់ទោសស្គាល់គុណ

ស្គាល់ក្រោយស្គាល់មុន

ដើមចុងកណ្ដាល

 

ស្គាល់បាបស្គាល់បុណ្យ

ស្គាល់ធ្ងន់ស្គាល់ស្រាល

ស្គាល់ប្រាជ្ញស្គាល់ពាល

  

ស្គាល់ខ្លាចស្គាល់ហ៊ាន។

 
 

ស្គាល់តិចស្គាល់ច្រើន

សង្វាតក្រវើន

ស្គាត់អត់ស្គាល់ឃ្លាន

 

ស្គាល់វៀចស្គាល់ត្រង់

ស្គាល់ភូតស្គាល់មាន

ស្គាល់ដីស្គាល់ដែន

  

ស្គាល់ព្រៃស្គាល់ត្រាញ់។

 
 

ស្គាល់គាប់ស្គាល់ខុស

ស្គាល់ស្លាប់ស្គាល់រស់

ស្គាល់ឈ្នះស្គាល់ចាញ់

 

ស្គាល់បាញ់ស្គាល់បោះ

ស្គាល់ដោះស្គាល់ដេញ

ស្គាល់ចូលស្គាល់ចេញ

  

ស្គាល់បាត់ស្គាល់មាន។

 

៧០

ស្គាល់តឹងស្គាល់ធូរ

ស្គាល់ឆាប់ស្គាល់យូរ

ស្គាល់ហូលស្គាល់ខៀន

 

ស្គាល់ដើរស្គាល់ដេក

ស្គាល់ស្រេកស្គាល់ឃ្លាន

ស្គាល់បង់ស្គាល់បាន

  

ស្គាល់មានស្គាល់ខ្សត់។

 
 

បើនមានកង្វល់

កលិយុគមកដល់

គេប្រាប់ប្រាកដ

 

បាកុំឆោតឆ្ងល់

វិលវល់រន្ធត់

កុំផ្សូរយូររត់

  

តំអក់តំអឹង។

 
 

កុំច្រើនវង្វេង

ងងោងងងេង

មមីមមមឹង

 

កុំច្រើនប្រទូស្ដ

រឹងរូសរបឹង

កុំខ្ជិលរំពឹង

  

តែងដែកនិន្ទ្រា។

 
 

កុំលោភចង់បាន

ទ្រព្យគេបំពាន

ពន្លឹកសោះសា

 

កុំរៀនកំណាញ់

ស្វិតស្វាញឫ្សា

ពុំស្គាល់កាចជា

  

ពាក្យពេចន៍ទ្រគោះ។

 
 

កុំលេងជាល្បែង

រំពឹងយល់ឈ្វេង

ពាក្យពុំពិរោះ

 

ស្រដីឲ្យដាច់

ឲ្យស្រេចឲ្យស្មោះ

កុំធ្វើឡេះឡោះ

  

សសោះអន្ទង។

 

៧៥

កុំធ្វើហេងហាង

កុំអួតកុំអាង

ខុសក្ដីបំណង

 

កុំច្រើនក្រអែស

ប្រហែសលេងលង

ឲ្យរៀនត្រងរង

  

នូវក្ដីកំណត់។

 
 

អ្នកណាអាចស្គាល់

អាចដឹងអស់អាថិ

ជាក់ជាងប្រាកដ

 

ធ្វើការសង្គ្រាម

ព្យាយាមចំហុត

លឺកេរ្ដិ៍ប្រាកដ

  

ដូចព្រះរាមា។

 
 

ស្ដេចផ្ចាញ់អសុរ

អស់ឥតសំណល់

ដល់មួយឡើយណា

 

បើមានសណ្ដាប់

ក្រមច្បាប់សាស្រ្ដា

ទុកអង្គអាត្មា

  

ទីទៃគ្រប់ប្រាណ។

 
 

រីច្បាប់នេះណា

បើអ្នកឯណា

យកទុកឲ្យបាន

 

ក្នុងអង្គអាត្មា

ជាសណ្ដាប់ប្រាណ

អ្នកនោះនឹងបាន

  

ជាអង្គអ្នកប្រាជ្ញ។

 
 

បើអ្នកឯណា

បានមើលអក្ខរា

ថាឲ្យស្រួលស្រេច

 

ជួយជួសសេចក្ដី

អស់អាថ៌សេចគ្រេច

ឲ្យទានបន្ដិច

  

កុំសើចឡើយហោង។

 

៨០

ជួយកែឲ្យត្រូវ

តំរង់តំរូវ

ដោយនូវគន្លង

 

ជាច្បាប់បុរាណ

ពិតពីព្រេងហោង

ឲ្យត្រូវបំណង

  

ព្រេងព្រឹទ្ធបុរាណ។

 
 

សេចក្ដីនេះណា

និទានអស់អាថិ

ចប់បរិបូណ៌បាន

 

នេះហោងជាច្បាប់

សណ្ដាប់គ្រប់ប្រាណ

ឲ្យឱវាទទាន

  

និដ្ឋិតំចប់ហោង។

 

---ចប់---


 

No comments:

Post a Comment