Saturday, August 28, 2010

ច្បាប់ស្រី

ច្បាប់ស្រី

បទភុជង្គលីលា

នេះបទកំណត់ចងជា

ភូជង្គលីលា

ចងជាច្បាប់ស្រី។

  

កាលនាងអិរន្ទវតី

ចរចាកតាមប្តី

គឺបុណ្ណកយក្សា។

  

នាងវឹមលាជាមាតា

បើកបន្ទូលថា

ហៃកូនពិសី ។

  

នាងនឹងត្រាច់ត្រង់តាមប្តី

ចេញចាកអំពី

ពិភពនាគនេះ ។

នៅឋានមនុស្សលោកនាយអះ

ចូរនាងចាំចេះ

បំរើស្វាមី ។

  

ធ្វើវត្តប្រត្តិបត្តិប្រក្រតី

កុំឲ្យស្វាមី

អាក់អន់ចិន្តា ។

  

នាងអើយគំដែងក្រឡា

ជាម្ចាស់សិរសា

កូនកុំមាក់ងាយ។

  

ហៃកូនស្រីស្ងួនមាសម្តាយ

ក្រណាស់នាងអាយ

តាមដោយច្បាប់ស្រី។

  

ក្រមួយមិនបានសំដី

ពាក្យទន់តិចនៃ

ឲ្យញាតិចូលចិត្ត។

១០

ក្រមួយមិនចេះរិះគិត

ឃើញញាតិឆ្ងាយជិត

ហៅឡើងឆីស្លា។

  

ទោះមានមិនមានក្តីណា

ពាក្យផ្អែមចរចារ

ទើបគេស្រលាញ់

  

កុំជួចិត្តស្មូរកំណាញ់

មិនមានអស់អញ

នឹងញាតិសន្តាន។

  

កើតយសរបស់ផងបាន

កើតសុខក្សេមក្សាន្ត

ពីព្រោះកូនស្រី។

  

ទោះនឹងនិយាយស្រដី

ការកេរ្តិ៍ជាស្រ្តី

កុំស្តីឡេះលាស់។

១៥

ថាលេងដូចក្មេងញ៉េះញ៉ោះ

ឃើញប្រុសកំលោះ

សសៀរចូរជិត។

  

សើចព្រៀងបញ្ឆៀងមិនគិត

ប្រុសព្រើលបានចិត្ត

ទាហានដោយសារ។

  

ហៅស្រីអប្រិយឥតការ

ឥតមានអិរិយា

មារយាទក្នុងខ្លួន។

  

សើវ៉ើពុំធ្វើនឹងនួន

ស្រដីមិនមួន

មិនមានអៀនអន់។

  

ឃើញគេបៀតបែរគយគន់

សើចសួរចំអន់

ចំអកឲ្យប្រុស។

២០

ហៅស្រីអប្រិយទុរយស

មិនខ្លាចខ្លួនខុស

មារយាទក្រិត្យក្រម។

  

ធ្វើការអង្គុយច្រលំ

នឹងសមពុំសម

ថាឯងជាស្រី ។

  

មិនកោដមិនខ្លាចចិត្តប្តី

ឲ្យប្រុសដទៃ

មាក់ងាយប្តីណា។

  

ហៅស្រីឥតលក្ខណា

ឥតមានកិរិយា

មារយាទពុំសម។

  

ធ្វើការផងណាប្រើខំ

ទោះត្បាញចាក់ដំ

នាងខំឲ្យហើយ។

២៥

កុំទុកទៅមុខទៀតឡើយ

ថាចាំបង្ហើយ

កម្រណាស់ណា។

  

ទោះធ្វើហូលគោមព្រែផ្កា

ដាក់ត្បាញហើយណា

បានស្រេចសឹមធ្វើ។

  

ធ្វើឲ្យកើតកេរប្រសើរ

ហើយកុំឲ្យដើរ

លេងផ្ទះគេណា។

  

ឱស្ងួនខ្លឹមខ្លួនរក្សា

នាងខំធ្វើការ

ទាន់ខ្លួនក្រមុំ។

  

មានប្តីបានអ្វីជាខំ

រវល់កូនយំ

កម្រចេះឆ្លៀត។

៣០

ព្រួយចិត្តគំនិតចង្អៀត

មួយហើយមួយទៀត

យំទារតែឆី។

  

រឹងព្រួយទាំងមួយទាំងពីរ

រកបានឲ្យឆី

ទើបបានបាត់មាត់។

  

ទោះកាន់ការធ្វើឲ្យស្ទាត់

ហូលគោមគាតកាត់

អន្ទងត្បាញទៅ។

  

កុំទុកក្នុងស្មុកស្មាញនៅ

ក្រែងដល់យូរទៅ

ខាតខូចអាសារ។

  

ហៃកូនស្រីស្ងួនមាតា

ចូរចាំរក្សា

កុំភ្លេចស្មារតី។

៣៥

ចូររករៀនយកច្បាប់ស្រ្តី

ឲ្យកោតខ្លាចប្តី

គំដែងក្រឡា។

  

ធ្វើវត្តប្រតិបត្តិសោតណា

ឲ្យនាងរក្សា

ភ្នក់ភ្លើងទាំងបី។

  

ឲ្យកាន់ឲ្យគង់ប្រក្រដី

សព្វថ្ងៃកុំបី

ភ្លេចផ្លុំឲ្យឆេះ។

  

ក្រែងរាលដូចដាលព្រាយប្រេះ

កើតក្តៅរលេះ

រលាយអស់អង្គ។

  

ភ្លើងក្តៅកុំនាំទៅក្នុង

ឲ្យឆេះបំផ្លុង

រឹងផ្លុំបង្កាត់ ។

៤០

ភ្លើងក្នុងមិនប្រុងប្រយ័ត្ន

នាំមកបង្កាត់

ឲ្យឆេះឯក្រៅ។

  

អុជអាលបណ្តាលឲ្យក្តៅ

ដាលដល់កូនចៅ

អសោចអប្រិយ។

  

ឲ្យនាងខំប្រុងស្មាតី

មើលភ្លើងទាំងបី

រក្សាឲ្យគង់។

  

ភ្លើងនោះឲ្យគុណពុំលង់

នឹងឲ្យឧត្តង្គ

ឧត្តមកន្លង។

  

កើតយសរបស់ទ្រព្យផង

បរិបូណ៌ឥតហ្មង

ប្រសើរក្តាត់ណា។

៤៥

ភ្លើងមួយនោះឲ្យរក្សា

គឺគុណមាតា

បិតាស្ងួនគ្រង។

  

ឲ្យនាងធ្វើដោយគន្លង

ប្រណិបតន៍ខុសឆ្គង

នឹងម្តាយឪពុក។

  

ឲ្យខំថែទាំញ៉ិកញ៉ុក

ចំណីចំណុក

ចំណង់អាត្មា។

  

កុំឃ្លានទុកឆីឡើយណា

ឆ្ងាញ់ឈ្ថុយពិសា

ជូនជាប្រក្រតី។

  

ពាក្យពេចន៍កិច្ចការអ្វីៗ

អត់ឱនកុំបី

ឲ្យអាក់ចិន្តា។

៥០

ភ្លើងមួយគំដែងក្រលា

គឺប្តីអាត្មា

ឋិតថេររួមរ័ក្ស។

  

ឲ្យនាងប្រណិបតន៍ជៀកជាក់

កុំធ្វើឲ្យអាក់

ឲ្យអន់ចិត្តប្តី។

  

អត់ឱនខ្លាចខ្លួនជាស្រី

កុំឲ្យស្រដី

ទុកគេជាស្មើរ។

  

ទោះកើតហេតុភេទសារពើ

ពាក្យពុំប្រសើរ

ជញ្ជឹងចាំស្តាប់។

  

ទោះបី្តស្រដីពុំគាប់

ពុំគួរឲ្យប្រាប់

បានដឹងដល់ម្តាយ។

៥៥

កើតខឹងរែងរឹងខ្ចរខ្ចាយ

លឺពាក្យពីម្តាយ

ខ្សឹបខ្សៀវប្រាប់ប្តី។

  

មិនក្សាន្តបែកបានពីរបី

កើតជាសំដី

សួរចុះសួរឡើង។

  

ពុំស្ងាត់ស្ងៀមមាត់ចចើង

ជជែកនាំឡើង

ចចើងមិនបាត់។

  

តតាំងពាក្យខ្លាំងមិនស្ងាត់

មិនស្ងៀមឲ្យបាត់

ឲ្យបានទីសុខ។

  

ជជែកស្ទើរបែកទាំងស្រុក

មិនមានហៅសុខ

យូរលង់ឡើយនៃ។

៦០

នេះហៅភ្នក់ភ្លើងទាំងបី

ម្តាយផ្តាំកូនស្រី

ឲ្យខំរក្សា។

  

នាងអើយគំដែងក្រលា

ខុសឆ្គងម្តេចម្តា

ម្តាយផ្តាំកូនស្រី។

  

ឲ្យអត់សង្កត់ហរិទ័យ

កូនកុំស្រដី

ដើមប្តីកំបាំង។

  

កុំជេរកុំចេញជាខ្លាំង

ខ្សត់ខ្សោយខ្លៅខ្លាំង

នាងកុំមើលងាយ។

  

ល្ងង់ខ្សោយប្រើឲ្យនិយាយ

ណែនាំលេងលាយ

ឲ្យស្រួលវាចា។

៦៥

ទោះប្ដីស្រដីម្តេចម្តា

ខេខឹងជេរថា

បោះពាក្យទំងន់។

  

ក្រោធក្រេវឆុលឆេវមិនអន់

មិនអាក់ស្រាកស្រន់

ដោយចិត្តគ្នាន់ក្នាញ់។

  

រអ៊ូរទាំទន្ទេញ

ជេរថាជន្លេញ

ត្បិតទាស់នឹងចិត្ត។

  

ឲ្យកូនស្រីស្ងួនខំអត់

ឲ្យបានរលត់

រលាយកំហឹង។

  

កុំកូនកាន់ខ្លួនប្រែប្រឹង

តតបទៅនឹង

អ្នកជាស្វាមី។

៧០

ខេខឹងក្រញឹងសំដី

មិនគិតខ្លួនស្រី

ស្រដីទ្រគោះ។

  

ប្រកែកស្តីពាក្យគំរោះ

គំរាបបញ្ឆោះ

បញ្ជោរឲ្យខឹង។

  

រឹងរូសមើលមុខសំលឹង

សំលាក់ទោរឹង

ចចើងចង់ឈ្លោះ។

  

រឹងឆ្លងឆ្លើយពាក្យបញ្ឆោះ

បំបែកជាឈ្លោះ

បំបែរពុំទៀង។

  

ជេរថាឆ្កែឆ្មាបំព្រៀង

ដៀលត្មះបញ្ឆៀង

បញ្ឈឺចិតប្តី។

៧៥

បោះបោកប្រទះអ្វីៗ

ចាប់ចោលទៅដី

បែកបាក់ពុំគិត។

  

មិនស្រួលទទួលបំបាត់

ម្នះម្នេញក្នុងចិត្ត

ឲ្យបានប្តីចាញ់។

  

ទើបបានសុខចិត្តជាវិញ

ហៅស្រីម្នះម្នេញ

អាប់កេរ្តិ៍យសឆ្ងាយ។

  

ហៃកូនស្រីស្ងួនមាសម្តាយ

ខុសណាស់នាងអាយ

កុំធ្វើដូចគេ។

  

ទោះបីបើប្តីនាងជេរ

នាងចូលទៅឯ

ដំនេកគិតសិន។

៨០

ចេញមកនាងយកពាក្យទន់

ស្រដីឲ្យអន់

ស្រាយទោសនោះទៅ

  

ទោះបីបើប្តីប្រដៅ

ចូរនាងចាំនៅ

ទុកក្នុងអាត្មា។

  

ពាក្យពេចន៍កុំភ្លេចឡើយណា

ក្រែងឆ្លងម្តេចម្តា

ត្បិតបានផ្តាំស្រាប់។

  

ព្រោះឯងមិនក្រែងមិនស្តាប់

ពាក្យគេបង្គាប់

បង្កើតតែឈ្លោះ។

  

ឥតសុខអាក្រក់តែឈ្មោះ

លឺតែប្រឈ្លោះ

មិនចេះហៅល្ហែ។

៨៥

នេះពុំរាប់ជាស្រីទេ

ជាអ្នកប៉ោឡែ

ចិត្តចោរដកទង។

  

ឲ្យមាត់បង្រ្គបប្តីផង

ឲ្យគេស្តាប់ហោង

ថាឯងគ្រាន់បើ។

  

គឺមោះនាងនោះមិនប្រើ

មិនបើកឲ្យដើរ

បញ្ចើឲ្យទេ។

  

ទោះបីប្តីប្រើមាសមេ

កុំកូនចំអែរ

ចំអៀកមិនទៅ។

  

ឆ្ងាយជិតកុំគិតរង់នៅ

ក្រោកក្រេសដើរទៅ

កុំឲ្យប្តីជេរ។

៩០

កុំទៅនៅយូរផ្ទះគេ

រវល់ទំនេរ

រវៀសមកណា៎។

  

ហៃកូនខ្លឹមខ្លួនមាតា

ជាស្រីនេះណា៎

កម្រណាស់នាង។

  

មិនថាត្បិតល្អរូបរាង

មិនរើសត្បិតជាង

ចេះការទាំងគ្រប់។

  

មិនបានស្គាល់ទីគោរព

ស្គាល់តែឧទ្រព

ទាំងដប់ប្រការ។

  

ហៅតែនឹងល្អរូបា

ពិតហើយចេះការ

គួរកោតដោយយ៉ាង។

៩៥

មួយល្អរូបសសន្លាង

ឥតគេផ្ទឹមខាង

ច្បាប់ផងមិនចេះ។

  

ល្អពិតគំនិតមិនផេះ

ទោះខ្មៅក្រងេះ

ការសោតសមគួរ។

  

គឺមោះនាងនោះមិនជួ

ចេះដឹងសមគួរ

ស្គាល់អស់អិរិយា។

  

នេះឯងពីព្រេងលោកថា

ហៅល្អរូបា

កបកល្យាណី។

  

ហៃកូនស្រីស្ងួនពិសី

ម្តាយប្រាប់អំពី

ឧទ្រពចង្រៃ។

១០០

កាន់ក្បាលប្តីហើយរកចៃ

មិនបានលើកដៃ

បិទទូលសំពះ។

  

លោកទុកស្មើកុកទំផ្ទះ

រង្គំរង្គះ

នឹងបង់អស់ទ្រព្យ។

  

កន្លងជើងប្តីពុំគាប់

ព្រោះចិត្តចង់ឆាប់

រំលងជើងប្តី។

  

ស្មើសត្វរលកខ្មោចខ្មី

ហើរច្រាលអប្រិយ

កើតព្យាធិ៍រោគា។

  

ចង្រៃមួយនៃរាល់គ្នា

ចេញចូលមាត់ទ្វារ

ពុំបានបិទបាំង។

១០៥

ធ្វេសប្រាណខុសខានមិនរាំង

មិនរុញបំបាំង

មើលយល់សាយសុស

  

ទុកស្មើគេអុជចន្លុះ

ឲ្យចោរចូលចុះ

យកទ្រព្យទាំងឡាយ។

  

ស្រីមួយសើចលេងក្អាកក្អាយ

លឺលេចចំងាយ

រំលងផ្ទះបី។

  

ស្មើសត្វចចាតបក្សី

ចូលភូមិផងក្តី

ចង្រៃក្តាត់ណា៎។

  

ស្រីមួយដេកដាក់កាយា

ប្រះប្រែអាត្មា

ឲ្យខ្នងទៅប្តី។

១១០

ទុកស្មើពស់ក្រាយអប្រិយ

ឡើងផ្ទះឥតបី

ឥតបើគណនា។

  

ចង្រៃកើតក្រៃពុំជា

នឹងព្រាត់ប្រាស់គ្នា

ពុំបានវែងឆ្ងាយ។

  

ស្រីមួយសក់វែងអន្លាយ

រំសុសរំសាយ

សក់សោតរេរា។

  

នៅមាត់អណ្តូងមាត់ទ្វារ

បីដូចមជ្ជរា

ឆ្មាលាក់ក្រចក។

  

ចង្រៃឥតបីបើរក

រេរាសំកក

មិនចុកសក់ងាយ។

១១៥

ស្រីមួយដើរលេងទាត់ជាយ

លឺលាន់ស្ទើរធ្លាយ

ប្រថពីសន្លឹក។

  

សំពត់ដាច់ដាចមិននឹក

ដើរលឺគគឹក

ស្មើសូររន្ទះ។

  

ញ៉ាំញ៉ើដំណើររលះ

ដាក់ជើងលើផ្ទះ

គគ្រាំគគ្រេង។

  

កក្រើកផ្ទះទាំងបីល្វែង

ដូចកលគេសែង

របស់ចេញទៅ។

  

ស្រីមួយឃើញទ្រព្យនៅផ្លូវ

កន្លងហួសទៅ

មិនចាប់ចេញទុក។

១២០

ពុំចេរចំណេរទៅមុខ

ពុំចេះដាក់ទុក

រាយរាល់តែល្វែង។

  

ទ្រព្យនោះរលោះចេញឯង

ចង្រៃទាស់ទែង

ធ្វើឲ្យអន្តរាយ។

  

ទោះឆីចំណីនូវបាយ

លបលូកកកាយ

ពមពុំសណ្តាប់។

  

កូនអើយនេះហើយចូរស្តាប់

ហៅក្តីឧទ្រព

ទាំងដប់ប្រការ។

  

ឲ្យចៀសអស់ទាំងនេះណា

ឲ្យរៀនលក្ខណា

ទាំងប្រាំពីរផង។

១២៥

គឺព្រះមានបុណ្យកន្លង

ទេសនាចែងចង

ជាបទគាថា។

  

មួយមាតុមួយមិត្តភរិយា

ភាតុភរិយាជា

ទាសភរិយាផង។

  

ទាំងបួនប្រសើរឥតហ្មង

គួរឲ្យចាំចង

ទុកក្នុងអាតា្ម។

  

រីឯហៅមាតុភរិយា

ប្រពន្ធនោះជា

លោកទុកស្មើម្តាយ។

  

ចរិតបីប្រការក្នុងកាយ

មួយចង់ខ្វល់ខ្វាយ

ប្រយោជន៏ឲ្យប្តី។

១៣០

បានថ្កើងរុងរឿងលឺល្បី

មិនឲ្យអាប់ប្ដី

ឲ្យបានសក្ដិយស។

  

មួយបើប្ដីស្លៀកពាក់ចាស់

យកថ្មីឲ្យផ្លាស់

ចាស់ស្លៀកខ្លួនឯង។

  

ចេះរៀបរន្ដាប់តាក់តែង

ចំណីផងស្វែង

រកមកឲ្យប្ដី

  

មួយបើប្តីឈឺថ្កាត់អ្វី

ព្រួយប្រឹងមើលប្តី

រកថ្នាំសង្កូវ។

  

រកពេទ្យមេមត់នូវគ្រូ

គ្រោះយាមគន់គូរ

មើលប្តីឲ្យជា។

១៣៥

រីឯហៅភាតុភរិយា

ប្រសើរសោភា

ប្រពន្ធស្មើបង។

  

នោះមានចំរិតពីរផង

ដូចប្អូននិងបង

ចិត្តមូលមួយប្រាណ។

  

មួយធ្វើឲ្យប្តីក្សេមក្សាន្ត

របស់ប្តីបាន

ចេះទុករក្សា។

  

មួយទោះលឺពាក្យអ្នកណា

គេតិះដៀលថា

ស្រដីពីប្តី។

  

ពុំត្រូវអាស្រូវអប្រិយ

ចេះការកេរប្តី

បែរបានជាសុខ។

១៤០

ទោះបីបើប្តីមានទុក្ខ

គិតឲ្យបានសុខ

យកខ្លួនធានា។

  

មួយសោតឯមិត្តភរិយា

មានចរិតជា

បីប្រការមិញ។

  

បីដូចកលមិត្តសំលាញ់

មានចិត្តអស់អញ

មិនឲ្យមានហ្មង។

  

បីដូចកលប្អូននិងបង

ប្រាសយូរលង់ហោង

ទើបមកជួបគ្នា។

  

មានចិត្តប្រតិព័ទ្ធមហិមា

ត្បិតបានជួបគ្នា

មិនឲ្យមានហ្មង។

១៤៥

មួយមានមារយាទកន្លង

ទោះឃើញប្រុសផង

មិនល្អៀងចិត្តទៅ។

  

រីទាសភរិយានោះកូវ

ក្នុងមាត្រាត្រូវ

ប្រពន្ធខ្ញុំប្តី។

  

ចរិតប្រាំបីប្រការខ្មី

មួយចិត្តខ្លាចប្តី

ក្រែងប្តីវាយជេរ។

  

ប្រុងចិត្តការគិតខ្មាសគេ

មិនឲ្យប្តីជេរ

បន្ទោសខ្លួនបាន។

  

ទោះប្តីខឹងក្រៃប៉ុន្មាន

មិនចេះហៅហាន

ឆ្លើយឈ្លោះតមាត់។

១៥០

មួយទោះប្តីនោះកាចក្តាច់

ខឹងដល់វាយវាត់

ជេរចោរដកទង។

  

មិនហ៊ានឆ្លើយឈ្លោះរំលង

តតបទៅផង

ក្រែងលឺកេរឆ្ងាយ។

  

មួយចេះប្រដាប់រៀបបាយ

ប្តីដើរជិតឆ្ងាយ

មិនហ៊ានបរិភោគ។

  

អត់ចាំទំរាំប្តីមក

ជួបជុំទើបយក

បរិភោគផងគ្នា។

  

នេះឯងហៅទោសភរិយា

សម្តេចភគវា

ទេសនាប្រោសប្រាប់។

១៥៥

បើអស់ស្រីណាបានស្តាប់

យកទុកជាច្បាប់

ក្នុងប្រាណសព្វថ្ងៃ។

  

លុះអស់អាយុក្សិណក្ស័យ

បានទៅកើតអៃ

តុសិតសួគ៌នាយ។

  

នឹងបានក្សេមក្សាន្តពណរាយ

សេពសុខសប្បាយ

និរទុក្ខកាយា។

  

រីឯប្រពន្ធពុំជា

ពេជ្ឈឃាតភរិយា

ចរិតមានបួន។

  

កុំឲ្យយកទុកក្នុងខ្លួន

ឲ្យចៀសចេញជួន

កើតកម្មវេរា។

១៦០

មួយគិតគំនិតចងជា

ឆ្លាស់ឆ្លើយបំពារ

បំពានឲ្យប្តី។

  

ប្រទូសរឹងរូសខ្ញូវខ្ជី

មិនចេះចាញ់ប្តី

ថាឯងគ្រាន់បើ។

  

ឆ្លើយឆ្លងសូរសងបណ្តើរ

ចង់ឈ្លោះឲ្យស្មើ

ឲ្យលើសប្តីវិញ។

  

មួយមិនចង់ធ្វើបំពេញ

បង្គាប់ប្តីវិញ

ឲ្យថ្កើងខ្លួនឯង។

  

អាងចេះដៀលតិះពុំក្រែង

ឲ្យប្តីស្តាប់ឯង

ដោយចិត្តអន្ធពាល។

១៦៥

មួយមានចិត្តនោះស្រើបស្រាល

ចង់ត្រេកត្រអាល

ចោរពេញមុខប្តី។

  

មួយចិត្តទ្រឹស្តទ្រុស្តអប្រិយ

ចង់សំលាប់ប្តី

ស្រលាញ់ប្រុសទៀត។

  

គិតកាប់សំលាប់បង់សៀត

នឹងយកប្រុសទៀត

ធ្វើប្តីមរណា។

  

រីឯសត្រូវភរិយា

ចរិតពុំជា

ប្រាំពីរប្រការ។

  

មួយមិនខ្លាចប្តីអាត្មា

បង្គាប់ត្រង់ណា

ពុំធ្វើតាមចិត្ត។

១៧០

មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់

ប្តីសួរបីមាត់

ពុំស្រដីផង។

  

មួយប្តីស្រដីគន្លង

ប្រដៅច្បាប់ផង

ពុំចូលចិត្តស្តាប់។

  

មួយមិនចង់ឲ្យប្តីគាប់

មិនចង់ប្រដាប់

ឲ្យប្តីថ្កុំថ្កើង។

  

មួយទោះនឹងស្រដីឡើង

ពាក្យធំចចើង

ចចេសនឹងប្តី។

  

មួយទោះប្តីលោះខ្ញុំស្រី

វាបំរើប្តី

មិនឲ្យអាក់អន់។

១៧៥

ឃើញគាប់រឹងស្អប់ខ្នាញ់គ្នាន់

ក្នុងចិត្តប្រចណ្ឌ

ជេរថានាយអាយ។

  

មួយត្បិតប្តីមានសហាយ

ហួរហែកសុសសាយ

ឲ្យប្តីអាស្រូវ។

  

រីចោរភរិយានោះកូវ

ចរិតពុំត្រូវ

មានបីប្រការ។

  

មួយចង់ចាយទ្រព្យប្តីណា

ឲ្យខូចអាសារ

មិនគង់ជាល្អ។

  

មួយប្តីឃ្មាតឃ្មីខំរក

របស់បានមក

មិនថែទាំទុក។

១៨០

លួចឲ្យទៅម្តាយឪពុក

ប្តីសួររកមុខ

មិនប្រាប់ឡើយណា។

  

មួយខ្ជិលមិនចង់ធ្វើការ

កុហកមុសា

ថាឯងរវល់។

  

ដេកលេងចំខែងអស់កល

លុះប្តីគេយល់

ពុតធ្វើជាឈឺ។

  

ទទូរដេកថ្ងូរហ៊ឺៗ

ប្តីហៅមិនលឺ

ពុតចង់តែស្លាប់។

  

នេះហៅប្រពន្ធពុំគាប់

ស្រីណាកាន់ខ្ជាប់

ពុំដែលរសាយ។

១៨៥

លុះអស់អាយុក្ល័បក្លាយ

ធ្លាក់ទៅអបាយ

ទាំងបួនចំពួក។

  

តែងនឹងរងទុក្ខរងសោក

រំដោះរួចមក

កើតជាមនុស្សខ្ទើយ។

  

ហេតុអកុសលនេះហើយ

ត្បិតខ្លួនឥតត្រើយ

ធ្វើខុសគន្លង។

  

ខុសវត្តប្រតិបត្តិឆ្គាំងឆ្គង

មិនរៀនមិនរង

ខុសនឹងច្បាប់ស្រី។

  

មាក់ងាយនោះមានប្រាំបី

មានក្នុងបាលី

ព្រះធម៌លោកថា។

១៩០

មាក់ងាយមួយនោះឯងណា

ត្បិតប្តីពិការ

មិនបានមាំមួន។

  

ខឹងស្អប់ធុញថប់មិនទ្រាំ

មិនមានរកថ្នាំ

គ្រូគ្រោះមេមត់។

  

មើលប្តីឲ្យជាឆាប់ឆុត

ខឹងវិញមិនអត់

បន់ឲ្យប្តីស្លាប់។

  

មាក់ងាយមួយប្តីខ្សត់ទ្រព្យ

គ្មានកេរ្តិ៍កោះគាប់

ស្មើនឹងអាត្មា។

  

ដៀលត្មះថាច្រាសដោយសារ

ព្រោះខ្ជិលធ្វើការ

ទើបគ្មានរបស់។

១៩៥

មាក់ងាយត្បិតប្តីអ័ប្បយស

ឯងត្រកូលខ្ពស់

 ពូជពង្សពុំស្មើ។

  

ឆ្មើងខ្លួនឲ្យប្តីបំរើ

ឈ្លោះឡើងហើយដើរ

ដៀលត្មះពូជពង្ស។

  

មាក់ងាយមួយត្បិតប្តីល្ងង់

ខ្លៅខ្លួនទ្រមង់

ទ្រមក់យឺតយូរ។

  

ដៀលត្មះពុំចេះអាសូរ

សំដីខ្មោះខ្មូរ

មិនក្រែងប៉ុនសក់។

  

មាក់ងាយមួយប្តីអាក្រក់

សាច់ខ្មៅប៉ប៉ក់

មុខអុតស៊ីសុស។

២០០

កន្ទ្រលរោងរលក្រអុះ

សក់ស្គាញស្កូវសុស

ពោះធំកំពាង។

  

ខ្លួនឯងចិញ្ចែងរូបរាង

ខ្លួនសល្អជាង

ថាប្តីមិនសម។

  

មាក់ងាយមួយប្តីមិនខំ

ធ្វើការលេលាំ

ឡឡែដើរលេង។

  

ឆ្លៀតឆ្លើយបោះពាក្យគគ្រេង

ឈ្លោះជេរមិនឈ្វេង

គិតខុសមាត្រា។

  

មាក់ងាយមួយប្តីផឹកស្រា

ស្រវឹងចោលការ

ដើលេងតែលតោល។

២០៥

ពាក្យក្អេងរាំច្រៀងឡោៗ

ឲ្យឆ្កែព្រុសឆោ

ផ្អើលភ្ញាក់កូនចៅ។

  

លឺមាត់ប្តីហើយខឹងក្តៅ

ប្រទេចជេរទៅ

តាមដោយចិត្តខ្នាញ់។

  

មាក់ងាយមួយទៀតនោះមិញ

ត្បិតប្តីស្រលាញ់

លលូកប្រលែង។

  

មួលបិចចាក់ចុចជាល្បែង

មិនមានកោតក្រែង

បានចិត្តជេរវិញ។

  

ត្បិតតែយល់គេស្រលាញ់

ស្រដីផងមិញ

គំរោះគំរើយ។

២១០

ធ្វើខ្នាញ់បែរចេញព្រងើយ

គេនឹងកន្តើយ

ក្និចក្នក់មាយា។

  

ពុំបានក្សេមក្សាន្តនឹងគ្នា

មាក់ងាយនេះជា

គំរប់ប្រាំបី។

  

កូនអើយនេះហើយច្បាប់ស្រី

ឲ្យកូនពិសី

រករៀនរក្សា។

  

យកទុកក្នុងអង្គអាតា្ម

ប្រសើរក្តាត់ណា

កើតសុខសួស្តី។

  

ប្រសើរទាំងនាលោកិយ

ទោះបរលោកក្តី

សឹងលុះប្រាថ្នា ។

២១៥

ទោះចិត្តគន់គិតសច្ចា

ជាពុទ្ធមាតា

សឹងបានបរិបូណ៌។

  

ដូចចិត្តឆាប់ឆុតពុំយូរ

កបកើតសម្បូរ

សម្បត្តិទ្រព្យផង។

  

កើតយសខ្ពង់ខ្ពស់កន្លង

យឺនយូរឥតហ្មង

ដូចក្តីប្រាថ្នា ។

  

ច្បាប់នេះឧត្តមថ្លៃថ្លា

ទោះស្រីឯណា

លឺហើយមានភ័ព្វ។

  

ជាល្អកម្របានស្តាប់

ស្តាប់ហើយចូរចាប់

ចូរចាំគ្រប់គ្នា ។

២២០

បានដល់មគ្គផលសួគ៌ា

ប្រសើរសោភា

ចូរចាំកុំភ្លេច ។

  

ចរចាអស់អាថិពាក្យពេចន៍

ពាក្យពិតកាព្យកិច្ច

បរិបូណ៌ប្រពៃ។

  

ប្រាជ្ញប្រែរីឯនាមនៃ

ខ្ញុំឈ្មោះម៉ឺន-មៃ

មែនមានសទ្ធា ។

  

មានចិត្តកួចគិតកាព្យា

កបកើតជ្រះថ្លា

ត្រេកត្រង់កុសល។

  

សច្ចាប្រាថ្នាមគ្គផល

ផុលផុសយោបល់

លេចលើកទុកទៅ។

២២៥

ទោះបីសេចក្តីខុសត្រូវ

សូមទានតំរូវ

តំរង់ឲ្យផង ។

  

កុំត្មះតិះដៀលឡើយហោង

សូមសាងផលផង

ទុកតសាសនា ។

  

សំរាប់ជាច្បាប់មាត្រា

សូរេចបការា

បរិបូណ៌ចែងចប់។៚

    
  

«ចប់»

 


 

No comments:

Post a Comment