Saturday, August 28, 2010

ច្បាប់ពាក្យចាស់

ច្បាប់ពាក្យចាស់

ពាក្យចាស់ពាក្យពីព្រេង

ទោសខ្លួនឯងមើលពុំយល់

 

ទោសគេតូចសោតសល់

រមិលយល់ប៉ុននឹងភ្នំ

 

ចូលព្រៃសត្វសាហាវ

រកអំពាវគ្នាមកជុំ

 

បានស្កនិងទឹកឃ្មុំ

ពួនក្នុងផ្ទះឆីម្នាក់ឯង

 

បានហើយចង់បានទៀត

ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង

 

មើលយល់តែមុខឯង

មិនមើលគេឯទៀតផង ។

 

នឹងឆីចង់ពិសា

ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង

 

យល់នាមថាជាមង

យល់ឯជងថាជាគួយ ។

យល់តាថាជាដូន

យល់ឯកូនថាជាក្មួយ

 

យល់ពីរថាជាមួយ

យល់ព្រួយថាជាសុខ

 

យល់ទោសថាជាគុណ

យល់ឯបុណ្យថាជាបាប

 

យល់ល្អថាអាក្រក់

យល់លាមកថាជាផ្កា

 

ស្លៀកស្បង់មិនកោរសក់

ឆ្លុះកពា្ចក់ធ្មេចនេត្រា

 

ឃើញសេះថាជាលា

ឃើញគជាថាកណ្តុរ ។

 

នេះពាក្យចាស់ពីព្រេង

អ្នកណាឈ្វេងប្រាជ្ញាយល់

 

ឃើញថ្លុកថាជាថ្នល់

ក្រែងកំហល់កំហុសមាន

 

អ្នកប្រាជ្ញាកាន់ពាក្យទៀង

កុំឲ្យល្អៀងពាក្យបុរាណ

 

កុំដើរផ្លូវបំពាន

ពាក្យអ្នកចាស់សោតតែងថា។

១០

ពាក្យនេះពីព្រេងព្រឹទ្ធ

គួរឲ្យគិតពិចារណា

 

កុំអាងអួតអាត្មា

ថាចំណេះចំណាំមាន

 

ដេកយប់កុំដេកយូរ

ខ្លាចក្តីទូរជនដល់ប្រាណ

 

បើឆីកុំតាមឃ្លាន

មើលប្រមាណគ្រប់គីគ្នា

 

លើកដាក់តាមកំលាំង

កុំភើចឆាំឈឺប្រស្មា

 

ប្រើគេប្រើបុត្រា

កុំសាំសួរចរចៅរ៉ៅ

 

ទោះគិតកុំរួសរាន់

គិតឲ្យគ្រាន់ទើបដើរទៅ

 

កុំឲ្យអាប់អាសៅ

កើតដំនៀលដល់អាត្មា

 

កុំយកឆ្អិនជាឆៅ

កិច្ចក្នុងក្រៅមានតំរា

 

កុំអាងអួតអាត្មា

ចេះច្បាប់ក្បួនពីព្រេងនាយ

១៥

ស្រដីឲ្យស្រួលស្រេច

គិតសេចគ្រេចកុំគិតងាយ

 

រំពឹងគិតឲ្យឆ្ងាយ

យល់ដោយផ្លូវសព្វនានា

 

ពាក្យព្រេងលោកស្រដី

ថាកុំបីចិញ្ចឹមខ្លា

 

ពាក្យព្រេងលោកឧមា

គិតត្រង់ណាធ្វើឲ្យបាន

 

កាន់កពស់ឲ្យខ្ជាប់

បែ្រក្រលាប់ខាំឯប្រាណ

 

អូសទូកកុំឲ្យល្អាន

ចាប់ត្រីបានកុំឲ្យល្អក់

 

ស្លឹកឈើឥតកំរើក

នឹងកក្រើកត្បិតខ្យល់បក់

 

ទឹកថ្លាល្គឹកបើល្អក់

ត្បិតរលកបោកសោះសា

 

យល់តូចកុំអាលខំ

ទោះយល់ធំកុំអាលថា

 

បានច្រើនកុំខំពារ

ឲ្យសន្សឹមសៀរតិចទៅ

២០

អ្នកមានរក្សាខ្សត់

ដូចសំពត់ព័ទ្ធពីក្រៅ

 

អ្នកប្រាជ្ញរក្សាខ្លៅ

ដូចសំពៅនៅសំប៉ាន

 

អ្នកខ្ពស់រក្សាទាប

ដោយសុភាពធម៌បុរាណ

 

អ្នកឆ្អែតរក្សាឃ្លាន

នាអ្នករុងរក្សាឆ្មារ

 

រក្សាទៅមុខវឹង

ឥតក៏ដឹងអស់អម្បាល

 

ចំណេរចិរកាន់កាល

ដូចរបងស្រាស់បន្លា

 

កុំឆីឆ្អែតតែឯង

ពុំគិតក្រែងអស់គ្នីគ្នា

 

គេឃ្លានផ្ទៃខ្លោចផ្សា

គេឆីរ៉ាបានឆ្អែតផង

 

កុំមានចិត្តពភ្លើ

ពឹងក្រពើឲ្យចំលង

 

កុំកាច់អុសរបង

វាំងចំណារឯអាត្មា

២៥

មានទូកឲ្យមានថ្នោល

មានបង្គោលព្យួរយុថ្កា

 

ទាំងចែវទាំងច្រវា

ក្រជីងចាប់ដោយនូវគ្រប់

 

ប្រយ័ត្នក្រែងព្យុះខ្យល់

បក់មកដល់នឹងទល់ទប់

 

ប្រយ័ត្នប្រយោជន៍គ្រប់

ទើបហៅថាមានគំនិត

 

ពាក្យព្រេងគិតគួរចាំ

ជាបណ្តាំប្រដៅចិត្ត

 

ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ

គួរឲ្យគិតៗឲ្យគ្រាន់

 

ពាក្យនេះទុកជាច្បាប់

ជាសន្តាប់ទៀងជាក់ស្យាន់

 

ពាក្យនេះជាកំណាន់

កំណត់នៅឥតឃ្លាតឃ្លា

 

សូរេចនូវនិទាន

ពាក្យទូន្មានដោយប្រការ

 

អម្បាលនេះឯងណា

ចូរចងចាំរៀងទៅហោង ។


 


 

No comments:

Post a Comment