Saturday, August 28, 2010

បណ្ដាំក្រមង៉ុយ

បណ្ដាំក្រមង៉ុយ

» 

នេះបទព្រហ្មប្រាជ្ញប្រែ

ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី

 

ឲ្យប្រិតប្រុងស្មាតី

គួរគប្បីឲ្យអុស្សាហ៏។

» 

កុំខ្ជិលកុំល្ងង់ពេក

ខំរៀនលេខរៀនអក្ខរា

 

រៀនគ្រប់សព្វធម៌អាថិ

ប្រាជ្ញាផ្សំនឹងគំនិត

» 

កំណើតកើតជាមនុស្ស

មើលឲ្យធ្លុះទោះឆ្ងាយជិត

 

ចេះស្ទាត់ប្រាកដពិត

គិតការអ្វីបានគ្រប់យ៉ាង។

» 

មនុស្សល្ងង់មិនផ្អើលភ្ញាក់

ដូចភ្នែកខ្វាក់ទាំងសងខាង

 

មានរូបគ្មានអ្វីអាង

សាងបាបថោកកើតមកខ្លៅ។

» 

ពូជមនុស្សទោះខ្ពស់ទាប

កាត់តាមភាពត្រកូលផៅ

 

អាក្រក់ល្អសខ្មៅ

កាត់កូនចៅដូចដូនតា។

» 

ពូជល្ងង់មិនបានបួស

ទុកជាទោសនឹងសាសនា

 

អ្នកបួសចេះធម៌អាថិ

កូនសិក្សាខំរៀនសូត្រ

» 

ពូជខ្លៅមិនសូវប្រាជ្ញ

ពូជកោងកាចមិនសូវស្លូត

 

ពូជត្រង់ៗរហូត

ពូជភរភូតមិនផុតផៅ

» 

ឪពុកម្តាយស្លូតត្រង់

ចិត្តមិនចង់ឲ្យកូនខ្លៅ

 

ជេរវាយស្តីប្រេដៅ

ឲ្យកូនចៅបានចេះដឹង។

» 

ឪពុកគ្មានតំរិះ

ឃើញកូនចេះមិនដែលខឹង

 

ឃើញកូនខំប្រិតប្រឹង

ឪពុកដឹងតែងត្រេកអរ។

» 

ដាស់តឿនកើនរំលឹក

ជេរល្ងាចព្រឹកខ្លាចកូនក្រ

 

ចង់ឲ្យតែកូនល្អ

លោមអង្វរឲ្យកូនខំ។

» 

កូនកាចបំពេញទុក្ខ

ម្តាយឪពុកមានបារម្ភ

 

កូនស្លូតដឹងគួរសម

មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។

» 

ឪពុកម្តាយក្សត់ខ្សោយ

កុំបណ្តោយឲ្យអាប់យស

 

ខំរៀនឲ្យបានខ្ពស់

គ្រាន់សង្រ្គោះដល់មេបា។

» 

អ្នកល្ងង់ហេតុពីខ្ជិល

ឥតមន្ទិលរឿងធម៌អាថិ

 

គួរកូនចៅសិក្សា

រៀនអក្ខរាទាំងប្រុសស្រី។

» 

កាលអង្គព្រះសាស្តា

មានថេរាមានថេរី

 

ភិក្ខុភិក្ខុនី

ធម៌បាលីចេះចាំស្ទាត់។

» 

លោកសង្ឃខ្លះចេះស្ទើរ

ចេះភ្លើៗធ្វើឲ្យភ្លាត់

 

ព្រះអង្គទ្រង់សន្មត

សិក្ខាបទដល់ឥឡូវ

» 

ទំលាប់ទំនៀមខ្មែរ

ខំធ្វើស្រែចង់បានស្រូវ

 

អ្នករៀនច្បាប់ខុសត្រូវ

ទុកជាផ្លូវភ្លឺប្រាជ្ញា។

» 

ស្រុកសៀមលាវបារាំង

ចេះតតាំងពីដូនតា

 

ចេះលេខចេះអក្ខរា

សរសេរចារទាំងប្រុសស្រី។

» 

ជាតិខ្មែរមិនចេះខ្មាស

នាំពីចាស់គំនិតខ្លី

 

ល្ងង់ដប់ចេះពីរបី

ចេះជួញក្តីមិនចេះច្បាប់។

» 

មិនចេះលេខអក្សរ

មុខមាត់ល្អប្រាជ្ញាអាប់

 

ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់

គេសូត្រប្រាប់ទើបបានដឹង។

» 

ភ្នែកជាភ្លឺក្រលែត

ល្ងង់ព្រោះហេតុមិនខំប្រឹង

 

កើតទាស់មានចិត្តខឹង

ពឹងរកគេសរសេរឲ្យ។

» 

មនុស្សក្រហេតុពីខ្ជិល

មិនរមិលមើលមុខក្រោយ

 

ម្យ៉ាងខ្សត់ពីព្រោះខ្សោយ

ញឹងខាងឲ្យរង្វើលរក

» 

ម្យ៉ាងក្រពីព្រោះល្ងង់

ជួញលិចលង់មិនលៃលក

 

ទិញថ្លៃទៅលក់ថោក

ចេះតែយកគិតមិនយល់

» 

អ្នកមានៗគំនិត

ដេកដើរគិតកើតរវល់

 

ប្រាជ្ញាជាឫគល់

កើតអំពល់អំពីទ្រព្យ។

» 

អ្នកល្ងង់និងអ្នកចេះ

បើនឹងរិះរាយរៀបរាប់

 

អ្នកចេះប្រសើរគាប់

ល្ងង់ឥតភ័ព្វអាប់រាសី។

» 

មានរូបមានជីវិត

មិនចេះគិតចង់ដឹងអ្វី

 

រូបប្រុសរិកដូចស្រី

នឹងហ៊ានស្តីគ្មានគេស្តាប់។

» 

ល្ងង់ម្យ៉ាងមានអំណាច

ល្ងង់កោងកាចអាងចាក់កាប់

 

ឆាប់ខឹងមិនដឹងច្បាប់

កាលណាស្លាប់គេត្រេកអរ។

» 

អ្នកចេះតំរិះដល់

អ្នកល្ងង់ឆ្ងល់មិនសល់ក្រ

 

ចេះល្ឥតចិត្តជាល្អ

សួយអាករចូលមិនខ្វះ។

» 

ចេះម្យ៉ាងមានអំណាច

អ្នកខ្លៅខ្លាចឱនសំពះ

 

គេខុសជេរដៀលត្មេះ

អ្នកខ្លៅខ្លះគេលបខឹង។

» 

ប្រាជ្ញម្យ៉ាងចេះសព្វសុស

ប្រព្រឹត្តខុសនោះមិនដឹង

 

មិនគិតពិនិត្យថ្លឹង

ប្រាជ្ញប្រិតប្រឹងប្រដៅគេ។

» 

កូនចៅទោះធំតូច

ខុសខិលខូចខឹងវាយជេរ

 

មារយាទខ្លួនខុសគេ

មិនគ្នាន់គ្នេរកិរិយាឯង

» 

កូនចៅទាំងស្រីប្រុស

ការត្រូវខុសគួរគិតក្រែង

 

គិតគ្រប់សព្វកន្លែង

តែងនឹងមានរាល់រូបកាយ

» 

ភ្នែកបើកភ្លឺមានពិត

មើលឃើញជិតៗរៀងអាយ

 

ភ្នែកធ្មេចមើលឃើញឆ្ងាយ

សព្វសុសសាយមិនសេសសល់។

» 

រៀនរកស៊ីលក់ទិញ

ខាតចំណេញគិតឲ្យដល់

 

ឲ្យដឹងការកិច្ចកល

ទើបកើតផលប្រយោជន៏ខ្លួន។

» 

ឲ្យរៀនលេខនព្ធន្ត

បូកហាគុណឲ្យមាំមួន

 

ដីសនិងក្តារឆ្នួន

ក្រែងចិនយួនបំបាត់បាន។

» 

ជញ្ជីងភ្នែកមានល្បាក់

មើលឲ្យជាក់កុំប្រមាណ

 

ក្រែងខុសខាតមិនខាន

ធ្លាប់រាប់អានកុំទុកចិត្ត។

» 

ភ្នែកមនុស្សធំរលីង

ភ្នែកជញ្ជីងគេចុចល្ឥត

 

អ្នកល្អថ្លឹងប្រឹងប្រឹត

ព្រោះអាណិតខ្មែរល្ងង់ខ្លៅ

» 

ចិនមានពីដូរលក់

ស្រូវកន្ទក់កន្តាំងតៅ

 

របស់ទោះឆ្អិនឆៅ

សំពត់អាវខោខ្មៅស។

» 

ខ្មែរអាងស្រូវក្នុងដោក

ដូរថ្លៃថោកអាក្រក់ល្អ

 

អស់ស្រូវទៅជាក្រ

អង្វរចិនជឿស្រូវឯង

» 

ធ្វើស្រែនឿយហត់ណាស់

ចិននៅផ្ទះដេកចំខែង

 

ផ្ទះចិនពីរបីល្វែង

មានកន្លែងជង្រុកស្រូវ។

» 

ជាតិខ្មែរឥតគំនិត

ស៊ីមិនគិតមើលខុសត្រូវ

 

ជឿចិនរាល់រដូវ

កេរ្តិ៍ម៉ែឪចិនអូសអស់

» 

ចិនមកពីស្រុកនាយ

មានសំពាយជារបស់

 

មិនទាន់ចេះខ្មែរសោះ

គ្មានកេរកោះស្រែចំការ

» 

កែវកចង្រ្កានឆ្នាំង

ផ្សំកំលាំងនិងប្រាជ្ញា

 

អំរែកជិះលើស្មា

មានម្លូស្លាជាដើមទុន។

» 

ទំនិញមានគ្រប់មុខ

ផ្ទាល់ផ្ទេរទុកដាក់ដោយធុន

 

ចិនរែកមិនដែលពុន

ស្រូវជោរជន់ពេញជង្រុក។

» 

ឈប់រែកដេកអង្គុយ

រាប់កាក់លុយប្រមូលទុក

 

ឪទិនស្រាពីមុខ

ទុកជាធ្នាក់ទាក់កខ្មែរ

» 

ចិនច្រើនខ្មាំងចិត្តខ្មៅ

កន្តាំងតៅធ្វើជាស្រែ

 

គ្មានត្បាល់គ្មានអង្រែ

អង្ករខ្មែរចូលបាវចិន

» 

ជាតិខ្មែរច្រើនឥតខ្មាស

ស្រេកស្រាណាស់ផឹកជឿសិន

 

គំនិតគិតមិនឆ្អិន

ផឹកបង្ហិនតែទ្រព្យឯង

» 

កំណើតអ្នកផឹកស្រា

បែកប្រាជ្ញាច្រើនកន្លែង

 

អ្នកម្យ៉ាងបែកខាងល្បែង

មិនគិតក្រែងខ្លាចខ្លួនក្រ

» 

អាម្យ៉ាងបែកលួចឆក់

មារយាទអាក្រក់មិនបានល្អ

 

ផឹកចោលការរបរ

ផឹកថ្មើម៉ានចិនមិនគិត

» 

ថាចិនមិនចេះកាញ់

ប្រាប់សំលាញ់ពួកម៉ាកមិត្ត

 

គូកនទោះឆ្ងាយជិត

រឹតប្រមូលលុយឲ្យចិន

» 

ត្រូវស្រាចង់ស៊ីឆ្ងាញ់

ធុំឆាខ្លាញ់បក់ឆួលក្លិន

 

ឃើញបាយសម្លឆ្អិន

ផ្គាប់ចិត្តចិនយកបាយស៊ី។

» 

ផឹកទឹកបោយត្រលោក

មារយាទទាបថោករិកសៀធី

 

ចិនប្រើសែងរែកលី

ស៊ីញយៗចិនមើលងាយ

» 

ជាតិចិនកំណាញ់ស្វិត

នឹកក្នុងចិត្តមិននិយាយ

 

មារយាទខ្មែរច្រើនរាយមាយ

រលាយទ្រព្យអភ័ព្វខ្លួន។

» 

ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់

ទាបថោកដល់ប្រពន្ធកូន

 

អាប់យសទាំងបងប្អូន

ដល់តាដូនពូជពង្សខ្មែរ។

» 

ជាតិចិនសុទ្ធសឹងស

មានទ័លក្រខ្សត់ខ្លះដែរ

 

ស៊ីផឹកស្និទ្ធតាមសែ

តមបាយខ្មែរមិនស៊ីសោះ

» 

មានផ្ទះមានដំណាំ

កាប់ដីដាំដោយកៀនកោះ

 

ដំឡូងត្រាវចេកម្នាស់

ស៊ីមិនអស់ទុកលក់ដូរ

» 

ខ្មែរច្រើនខ្ជិលប្រមឹក

កែងកោងរិកអួតអម្បូរ

 

ខ្វះលុយអង្គុយថ្ងូរ

កើបបង្ហូរស្រូវជង្រុក

» 

កូនអើយរឿងដំណាំ

គួរតែដាំឲ្យគ្រប់មុខ

 

ដីកេរម្តាយឪពុក

មិនត្រូវទុកចោលទំនេរ

» 

រាជការវាស់មានថ្លៃ

ផ្តិតមេដៃផ្តាច់ជាកេរ

 

មិនវាស់លេងទទេ

រេរិះយកពន្ធរាល់ឆ្នាំ

» 

ដូងស្វាយអំពៅចេក

កុំខ្ជិលពេកដេកប្រចាំ

 

ម្លូស្លាម្រេចខ្ទឹមថ្នាំ

ត្រូវតែដាំកុំឲ្យខ្វះ។

» 

ទេសឯកសំពត់ស

ដីវាលល្អដាំកប្បាស

 

កុំខ្ជិលតាមចាស់ៗ

មនុស្សនឿយណាស់មិនដែលក្រ។

» 

បន្លែដាំគ្រប់មុខ

យកគ្រាប់ទុកដាំបន្ត

 

ចាក់ដីជាតិល្អៗ

បង្ការស្លពេលល្ងាចព្រឹក។

» 

ម្លូស្លាថ្នាំខ្ទឹមម្រេច

លូតលាស់លេចពីស្រោចទឹក

 

បានផលផ្លែរឺស្លឹក

កុំឆ្មើងរិកវាក្រខ្លួន។

» 

ត្រីងៀតផ្អកប្រហុក

ខ្មែរគ្រប់ស្រុកទិញដូរយួន

 

អំបិលធូបក្រមួន

ពីតាដូនតែងដូរទិញ។

» 

ដូរទុកដាក់ដំកល់

ស៊ីឲ្យដល់ខួបខែវិញ

 

ឲ្យបរិបូរពោរពេញ

ខាតចំណេញកុំទិញតិច។

» 

អំបិលទិញមួយចុង

ច្រកពេញអុងអាងខាងលិច

 

កុំទិញក្តោបខ្ចប់វេច

អស់រំពេចគេចទិញទៀត។

» 

អំបិលមួយស្រូវបី

វាល់នឹងល្អីទូលកណ្តៀត

 

ខ្លួនក្រត្រដរេឆ្លៀត

មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។

» 

កូនចៅទាំងប្រុសស្រី

គួរគប្បីប្រុងគំនិត

 

ចិញ្ចឹមជន្មជីវិត

គិតឲ្យវែងកុំគិតខ្លី។

» 

ទំនេរល្ហែធ្វើការ

សូត្រធម៌អាថិទាំងប្រុសស្រី

 

ឲ្យត្រឹមត្រូវបាលី

ដូចស្រដីខាងដើមស្រាប់

» 

រាល់រូបទាំងប្រុសស្រី

កាលចេះស្តីព្រោះចេះស្តាប់

 

ម៉ែឪតំរូវប្រាប់

កូនចៅត្រាប់តាមដូនតា។

» 

ចាស់ម្យ៉ាងសាងសីលទាន

មិនបំពានខុសពុទ្ធដិកា

 

កូនកាត់តាមមេបា

មិនទៅណាឆ្ងាយពីផ្លូវ។

» 

ចាស់ម្យ៉ាងសាងផលកម្ម

ស្អប់សីលប្រាំដូចសត្រូវ

 

កូនកាត់តាមម៉ែឪ

អាស្រូវភាសវិនាសខ្លួន

» 

មិនជឿមគ្គជឿផល

ធ្លាក់ទៅដល់អបាយបួន

 

កងកម្មចាំគំគួន

គេចវេះពួនមិនកំបាំង

» 

ព្រះអង្គមានពុទ្ធដីកា

ប្រៀបឧមាជាទីតាំង

 

ដូចគេមានកំលាំង

សំរាំងទុកទឹមរទេះ

» 

នឹងបរផ្លូវវៀចត្រង់

រឺនឹងចង់បរគេចវេះ

 

កង់វិលមិនរបេះ

ជិះជើងគេមិនឃ្លាតឃ្លា។

» 

រាល់រូបទាំងតូចធំ

ចូលរូងភ្នំរូងគុហា

 

យកថ្មផ្ទាំងរាំងទ្វារ

កម្មវេរាតោងតាមបាន

» 

កងសីលមានអង្គប្រាំ

វេរាកម្មដិតដោយដាន

 

នរកប្រេតតិរច្ឆាន

ខានឃាត់ខាំងរាំងមគ្គផល

» 

គួរខំសាងសីលទាន

យកនិពា្វនជាត្រើយថ្នល់

 

យូរឆាប់គង់តែដល់

កុសលជួយចាកសង្សារ

» 

កូនចៅរិះរេគិត

មើលគំនិតចិត្តដូនតា

 

ប្រព្រឹត្តខុសសាសនា

គេចកិរិយាកុំធ្វើត្រាប់

» 

មើលចាស់ណាត្រឹមត្រូវ

ចុះក្នុងផ្លូវកន្លងច្បាប់

 

ចាស់ស្តីគប្បីស្តាប់

ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។

» 

គោរពគុណទាំងបី

សូត្របាលីតាមចំណាំ

 

រក្សាអង្គសីលប្រាំ

កម្មវេរាតាមមិនទាន់

» 

សាសនានៅវែងឆ្ងាយ

កន្លងបា្លយជាងពីរពាន់

 

សព្វថ្ងៃលៃគ្នេគ្នាន់

មិនទាន់គ្រប់ជាងប្រាំរយ។

» 

ឥឡូវចិតប្រាំបី

នៅម្ភៃមួយខាងក្រោយ

 

កូនចៅកុំបណ្តោយ

ឲ្យលិចលង់ក្នុងសង្សារ។

» 

មានពាក្យចាស់ដំណាល

ថាកណ្តាលព្រះសាសនា

 

ទំនាយក្បួនតំរា

ថានឹងរៀវហើយរីកវិញ

» 

ហេតុនេះអស់កូនចៅ

ទោះល្ងង់ខ្លៅយ៉ាងណាមិញ

 

ខំអុស្សាហ៏ទន្ទេញ

បំពេញពាក្យពុទ្ធទំនាយ។

» 

តំណពីថ្ងៃនេះ

រៀនតំរិះកុំរាយមាយ

 

កូនណាមិនស្វាធ្យាយ

មិនរលាយរលត់ទុក្ខ។

» 

ដល់សាសនាគ្រប់គ្រាន់

ជួបប្រាំពាន់ទៅខាងមុខ

 

ទំនាយរាយទំនុក

ថាឪពុកម្តាយស្អប់កូន។

» 

ថាកើតអន្តរកប្ប

គុំសម្លាប់គ្នាបងប្អូន

 

មិនដឹងតាដឹងដូន

សូន្យសីលទានមិនមានសល់។

» 

គួរគិតកុំសាងកម្ម

កាន់សីលប្រាំចាំដំកល់

 

ខំសាងមគ្គសាងផល

នឹងបានដល់ឋានសាន្តសុខ។

» 

នឹងរួចពីកាប់ចាក់

មិនបានធ្លាក់ទៅនរក

 

ព្រះសិរអារ្យត្រាស់ខាងមុខ

រាសាយទុក្ខសោករាល់ថ្ងៃ។

» 

នេះហៅច្បាប់បណ្តាំ

ថាពាក្យប្រាំៗមួយផ្ទូន

 

បទព្រហ្មគ្រប់ឃ្លាបួន

ជួនចែងចប់ម្ល៉េះហើយហោង។

 អ្នកព្រះភិរម្យភាសា
អ៊ូ
ហៅ
ង៉ុយ


 

No comments:

Post a Comment