Monday, September 27, 2010

ក្រមុំ​ដណ្ដឹង​ម្ដាយ មេម៉ាយ​ដណ្ដឹង​ចិត្ត

ក្រមុំ​ដណ្ដឹង​ម្ដាយ មេម៉ាយ​ដណ្ដឹង​ចិត្ត
និយមន័យៈ ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ក្នុង​ការ​ស្ដី​ដណ្ដឹង ។

អត្ថាធិប្បាយ
ក្រមុំ​ដណ្ដឹង​ម្ដាយ

តាំង​ពី​បុរាណ​កាល​មក ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​តម្រូវ​ឲ្យ​មាន​ការ​ចូល​ស្ដី​ដណ្ដឹង​ស្ត្រី​ ក្រមុំ​ដល់​មេបា​ចាស់ទុំ​គឺ ម៉ែ‑ឪ ដែល​ភាសា​បច្ចេកទេស​ថា​ចូល «ចែចូវ» ។ ស្ត្រី​ក្រមុំ​ ក្នុង​សង្គម​ខ្មែរ​ពុំ​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​រើស​គូស្រករ​ដោយ​ ខ្លួនឯង​ឡើយ ។ ព្រោះ​គេ​យល់​ថា នាង​ជា​ស្ត្រី​វ័យ​ក្មេង​ពុំ​ទាន់​បាន​យល់​ការណ៍​រាក់ជ្រៅ​នៅ​ក្នុង​ជីវភាព​ គ្រួសារ​នៅ​ឡើយ ។ ម្យ៉ាងទៀត​ កូនក្រមុំ​គេ​ទុក​ជា​កិត្តិយស​ល្អ ប្រសើរ​ដូច​ផ្កា​រីក ចេក​ទុំ ។ ដូច្នេះ ឪពុក​ម្ដាយ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ជ្រើសរើស​គូស្រករ​ឲ្យ​កូន ។

ចែចូវ ៖ ចែ​ឲ្យ​ដល់​ម៉ូល ចូវ​ឲ្យ​ដល់​អូល (ចូល​ឲ្យ​ដល់​ម៉ែ ចូល​ឲ្យ​ដល់​ឪ)

ចែចូវ ៖ បរិវាស័ព្ទ ចូវ គន្លាស់​បាន​ជា ចូវ​ដើម្បី​បែក​ផ្លែ (ចែ​ដើម្បី​បើក​ផ្លូវ, បើក​ផ្លូវ​ស្ទង់​ស្ថានការណ៍)

មេម៉ាយ​ដណ្ដឹង​ចិត្ត

ស្ត្រី​មេម៉ាយ គឺ​ស្ត្រី​ដែល​ធ្លាប់​មាន​ប្ដី​រួច​ម្ដង​ហើយៗ​បាត់​បង់​ប្ដី​ដោយ​ប្រការ​ណា​ នីមួយ ។ ដូច្នេះ គេ​យល់​ថា​ស្ត្រី​មេម៉ាយ​នេះ​ចាស់​ចិត្ត​ចាស់​គំនិត​អាច​ដឹង​អាច​យល់​ពី​ កិច្ចការណ៍​រាក់​ជ្រៅ និង​មាន​បទពិសោធន៍​ក្នុង​ជីវភាព​គ្រួសារ​រួច​ហើយ ។ ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ហាក់​ដូចជា​បើក​សិទ្ធិ​សម្រេច​ឲ្យ​ដល់​កូន​ដែល​មេម៉ាយ​ក្នុង​ ការ​ជ្រើសរើស​គូស្រករ​ថ្មី​ដោយ​ខ្លួនឯង ។ ដូច្នេះ បុរស​ណា​ដែល​ពេញចិត្ត​ចង់​ភ្ជាប់​និស្ស័យ​នឹង​នាង គេ​មិន​បាច់​ចូល​ទៅ​ដល់​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ដូច​កាល​នាង​នៅ​ក្រមុំ​នោះ​ឡើយ ។ គឺ​គេ​ចូល​សួរ​ផ្ទាល់​ខ្លួន​នឹង​នាង​ដោយ​ត្រង់ៗ​តែ​ម្ដង ។ ប្រសិនបើ​នាង​យល់​ព្រម​ហើយ ទើប​គេ​ចូល​ស្ដី​ដណ្ដឹង​ដល់​ម៉ែឪ​ជាក្រោយ ។ នៅ​ពេល​នេះ ឪពុក​ម្ដាយ​អស់​មាន​សិទ្ធិ​សម្រេច​ជា​យ៉ាងណា​ហើយ គឺ​គ្រាន់​តែ​មាន​សិទ្ធិ​ជួយ​ជា​យោបល់ និង​ជួយ​សម្រួល​ឲ្យ​សមរម្យ​ប៉ុណ្ណោះ ។

ប៉ុន្តែ​ចំពោះ​កូន​ស្រី​ដែល​មេម៉ាយ​ក្មេងវ័យ​ពេក ឪពុក​ម្ដាយ​ក៏​បាន​យក​មក​ចិញ្ចឹម​ថែរក្សា​ដូច​កាល​នៅ​ក្រមុំ​នោះ ឪពុក​ម្ដាយ​ក៏​នៅ​តែ​មាន​សិទ្ធិ​សម្រេច​ដូច​កាល​នាង​នៅ​ក្រមុំ​ដែរ ៕


----------------
សុភាសិតផ្សេងទៀត

No comments:

Post a Comment