Monday, September 27, 2010

ក្រពើ​លង់​ទឹក តុលាការ​ចាញ់​ក្ដី

ក្រពើ​លង់​ទឹក តុលាការ​ចាញ់​ក្ដី
និយមន័យៈ បញ្ហា​យ៉ាង​ធ្ងន់​ដែល​មិន​អាច​ជួយ​សម្រាល​បាន ។

អត្ថាធិប្បាយ

លោក​លើក​យក​សត្វ​ក្រពើ​មក​និយាយ​នៅ ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ការ​ប្រៀបធៀ​ប៉ុណ្ណោះ ។ ធម្មតា​សត្វ​ក្រពើ​មាន​ការ​ស្ទាត់​ជំនាញ​ជា​ទីបំផុត​ក្នុង​ការ​ហែល​ទឹក ។ មួយ​ជីវិត​វា ក្រពើ​មិន​ដែល​លង់​ទឹក​ទេ ។ ប៉ុន្តែ​បើ​បែរ​ជា​វា​លង់​ទឹក​វិញ គឺ​វា​មាន​ជំងឺ​ជា​ទម្ងន់ ឬ​មាន​របួស​ជា​ខ្លាំង​មិន​អាច​ឲ្យ​វា​ហែល​ទឹក​បាន ទើប​ធ្វើ​ឲ្យ​វា​លង់​ទឹក​ងាប់​ទៅ ។

ពាក្យ​ថា តុលាការ ក្នុង​ពេល​នេះ លោក​សំដៅ​យក​មន្ត្រី​កាត់​សេចក្ដី​ក្នុង​តុលាការ ។ តុលាការ​មាន​ភារកិច្ច​កាត់​សេចក្ដី​ទៅ​តាម​នីតិក្រម គឺ​ក្រម​រដ្ឋប្បវេណី និង​ក្រម​ព្រហ្មទណ្ឌ ។ អ្នក​ផង​ដែល​មាន​រឿង​ក្ដីក្ដាំ​នឹង​គ្នា តែង​រត់​ទៅ​រក​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន ព្រោះ​តុលាការ​ជា​ខ្លាំង​ច្បាប់ ។ រឿង​ចាញ់ ឬ​ឈ្នះ​សម្រេច​លើ​តុលាការ​ទាំងអស់ ។ បើ​តុលាការ​សម្រេច​យ៉ាងណា គឺ​យ៉ាង​នោះ​ហើយ ។

រឿង​កាត់​ក្ដី​ជា​អាជីព​របស់​តុលាការ ។ ហេតុ​នេះ ហើយ​បាន​ជា​គេ​កម្រ​ឮ​ថា​មាន​មន្ត្រី​តុលាការ​ណា​ម្នាក់​មាន​រឿង​ក្ដីក្ដាំ​ ណាស់ ។ ប៉ុន្តែ​បើបែរ​ជា​មាន​វិញ ហើយ​ចាញ់​ក្ដី​ទៀត​នោះ រឿង​នេះ​មិន​ធម្មតា​ទេ ។ គេ​ជឿ​ថា​ករណី​នេះ តុលាការ​ប្រាកដ​ជា​បាន​ប្រព្រឹត្ត​នូវ​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ ជួយ​សម្រួល​សម្រាល​បាន​ឡើយ ៕
----------------
សុភាសិត ផ្សេងទៀត

No comments:

Post a Comment