Saturday, August 28, 2010

ច្បាប់ល្បើកថ្មី

ច្បាប់ល្បើកថ្មី

 
-

អ្នកព្រះភិរម្យ

ភាសាអ៊ូខ្ញុំ

បង្គំនឹកគុណ

 

ព្រះពុទ្ធព្រះធម៌

ព្រះសង្ឃជាមុន

គុណគាប់មហាធ្ងន់

  

មាតាបិតា។

 
 

ឧជ្ឈាយ៍ជាធំ

កាលចាប់ដៃខ្ញុំ

ឲ្យធម៌កេសា

 

អនុសាវន

ព្រះកម្មវាចា

គុណតួអក្ខរា

  

ទាំងសាមសិបបី។

 
 

ខែចែត្រឆ្នាំច

ចត្វាស័កក

កគិតកាព្យថ្មី

 

លើច្បាប់ប្រដៅ

កូនចៅប្រុសស្រី

តូចក្ដីធំក្ដី

  

ចូរស្ដាប់គ្រប់គ្នា។

 
 

ដ្បិតមនុស្សឥឡូវ

យកខុសជាត្រូវ

យកឆ្កួតធ្វើជា

 

អំពើអាក្រក់

ឡិកឡក់លីលា

ព្រហើនពានពារ

  

អាងមាសអាងប្រាក់។

 


-

អាងព្រើលអាងប្រាជ្ញ

អាងកោងអាងកាច

អាងកាប់អាងចាក់

 

អាងជើងអាងដៃ

អាងវាយអាងធាក់

អាងគុកច្រវាក់

  

អាងម៉ាស៊ីនកាត់ក។

 
 

អាងសុទ្ធតែខុស

កូនអើយចាំចុះ

អាងនោះមិនល្អ

 

អ្នកគិតឲ្យល្ឥត

ដ្បិតស្រុកលោកក្រ

ប្រមាណតំណ

  

តទៀតទៅមុខ។

 
 

សាសនានៅឆ្ងាយ

លែងបានសប្បាយ

មានតែកើតទុក្ខ

 

កើតទាន់លោកីយ៍

លឺតែទំនុក

ដំណែលអាពុក

  

ចូរចាំគ្រប់គ្នា។

 
 

អ្នកជឿពាក្យចាស់

ជឿចាំឲ្យណាស់

កុំធ្វើបំពារ

 

អ្នកហ៊ានស្បែកដាច

អ្នកខ្លាចស្បែកជា

មនុស្សចោរប៉ោបៀ

  

កុំយកខ្លួនបៀត។

 
 

ឃើញរិកគេល្អ

ទោះបីមានក្រ

យកគេជាញាតិ

 

គួររាប់អ្នកក្រៅ

ផៅអ្នកឯទៀត

រាប់រើសមារយាទ

  

សុចរិតត្រឹមត្រូវ។

 

១០
-

រៀនបទរៀនបាទ

កុំកោងហួសខ្នាត

កុំភ្លាត់ខុសផ្លូវ

 

កុំភ្លើនភ្លេចម៉ែ

កុំប្រែហួសឪ

ឃើញចាស់សក់ស្កូវ

  

កុំសូវមើលងាយ។

 
 

បន្ទន់អាត្មា

ខ្លាចមេខ្លាចបា

ខ្លាចតាខ្លាចយាយ

 

បំរើមហាក្សត្រ

ប្រយ័ត្នស្ដេចទាយ

ពាក្យពិតទំនាយ

  

រលាយកេរ្ដិ៍ឈ្មោះ។

 
 

ពាក្យស្ដេចពាក្យគ្រូ

មានប្រៃមានជូរ

កំរពិរោះ

 

ជួនទាយឲ្យទាប

ជួនទាយឲ្យខ្ពស់

ទាយឲ្យសក្ដិយស

  

ទាញចុះកុំខឹង។

 
 

បំរើមើលភេទ

ចំណាំព្រះនេត្រ

ហេតុខ្លួនឲ្យដឹង

 

ខ្លួនខ្ជិលហៃព្រើល

លោកមើលសំលឹង

សំលក់ឲ្យប្រឹង

  

ខំប្រិតសូត្ររៀន។

 
 

បំរើមើលពុត

ប្រាជ្ញាឲ្យមុត

ស្មារតីឲ្យមាន

 

បើខ្លៅឲ្យប្រាជ្ញ

បើខ្លាចឲ្យហ៊ាន

ចង់បានរបៀន

  

កុំអៀនកុំខ្មាស។

 

១៥
-

ពុតលោកថាធំ

ជ្រងោប៉ុនភ្នំ

ឯងមើលមិនច្បាស់

 

បំរើលោកណា

លោកហ្នឹងជាម្ចាស់

លោកស្អប់អ្វីណាស់

  

ប្រាសចោលឲ្យឆ្ងាយ។

 
 

កុំឈមឈរជិត

កុំយកធ្វើមិត្រ

ភ្លាត់ខ្លួនអន្ដរាយ

 

បើប្រពន្ធកូន

បងប្អូនចៅហ្វាយ

អាពុកឬម្ដាយ

  

ឱនកាយប្រតិបត្ដិ។

 
 

អ្នកកុំមើលងាយ

ឃើញគេរីករាយ

ព្រួយខ្លួនប្រយ័ត្ន

 

ត្រកូលញាតិផៅ

កូនចៅមហាក្សត្រ

ស្មើថ្លើមប្រមាត់

  

ប្រមាថមិនបាន។

 
 

ទោះអ្នកដទៃ

អ្នកព្រៀងអ្នកព្រៃ

ដែលលោករាប់អាន

 

កុំថាតែមនុស្ស

ទោះសត្វតិរិច្ឆាន

ឯស្អប់មិនបាន

  

ជួយថែរក្សា។

 
 

របស់រឺទ្រព្យ

ដែលជាសំអប់

កុំបាច់សំអាត

 

ទ្រព្យណាសំលាញ់

អស់អញឱហាត

ចូរចៅសង្វាត

  

ជួយថែរក្សា។

 

២០
-

កុំជិះកុំជាន់

ស្មៅផ្ទីអាច់មាន់

ពាក្យចាស់ឧមា

 

បុរាណហៅផ្ទី

ពីបីប្រការ

កុំស៊ីត្រង់ណា

  

ជុះដាក់ត្រង់ហ្នឹង។

 
 

សាច់សាលោហិត

កុំផ្ដួលផ្ដេកផ្ដិត

 ផ្ដួចទោសកើតប្ដឹង

 

អាពុកផ្ដែផ្ដាំ

ចូរចាំចេះថ្លឹង

សាច់ថ្លើមសួតឆ្អឹង

  

និងស្បែកខាងក្រៅ។

 
 

សាច់សួតក្នុងខ្លួន

ទុកស្មើបងប្អួន

ប្រពន្ធកូនចៅ

 

សរសៃនិងស្បែក

ចែកជាញាតិផៅ

ខ្ញុំស្រីខាងក្រៅ

  

ជាស្មៅអាច់មាន់។

 
 

ស្រីខ្ញុំកំដរ

បើឃើញរូបល្អ

កុំលលូកលាន់

 

កុំលួចលបលេង

ក្រែងម្ចាស់គេទាន់

កុំភប់កុំភាន់

  

អាប់អន់អាត្មា។

 
 

បើអ្នកមានយស

មានសក្ដិខ្ពង់ខ្ពស់

គាប់នឹងរាជការ

 

ធ្វើធំធ្វើថី

មន្រ្ដីមានត្រា

ព្រះហ្លួងអុកញ៉ា

  

សាលាកុង្សីយ៍។

 

២៥
-

ចេះច្បាប់បារាំង

កុំភ្លេចសច្ចំ

កតញ្ញូ
ខន្ដី

 

កុំឆ្មើងហួសមាឌ

ភ្លេចញាតិប្រុសស្រី

ជំនុំកាត់ក្ដី

  

យកឧេក្ខា។

 
 

កុំកាន់លីហលោ

កុំកាន់លោភោ

ទោសោមោហោ

 

កុំជក់អាភៀន

កុំឃ្លានផឹកស្រា

កុំស្អប់ត្រង់ណា

  

សច្ចាយកត្រង់។

 
 

ល្អងលោមពិសោធ

កុំឆបញ្ឆោត

បញ្ចូលឲ្យបង់

 

ឲ្យបែកឲ្យបាក់

ពាក្យសត្យពាក្យសង្ឃ

កូនអើយផ្ចិតផ្ចង់

  

តំរង់ស្មារតី។

 
 

កុំភ្លើនឃើញប្រាក់

កុំភ្លើភ្លាត់សក្ដិ

ធ្លាក់ទៅអវចី

 

កាន់ធម៌ទសពិធ

រឹតឡើងរាសី

គាប់ពីលោកិយ៍

  

ដល់បរលោកនាយ។

 
 

អ្នកក្ដីជាភ្លើង

កុំកាត់ជាន់ជើង

អ្នកម្ខាងមើលងាយ

 

ចៅក្រមជាទឹក

រលឹករំលាយ

កុំជេរកុំវាយ

  

បង្ខំនាំខុស។

 

៣០
-

ចោរលួចចោរប្លន់

រីចោរស្ម័គ្រស្មន់

តណ្ហាស្រីប្រុស

 

កុំស្អប់ខាងណេះ

បញ្ឆេះខាងណោះ

លួងលោមបញ្ចុះ

  

បញ្ចូលចិត្ដក្ដី។

 
 

កុំដុតឲ្យក្ដៅ

បើឃើញអ្នកខ្លៅ

ប្រាជ្ញាគ្នាខ្លី

 

កុំឃើញប្រាក់ប្រុស

បន្ដុះខាងស្រី

បើកាន់ច្បាប់ថ្មី

  

កុំចោលច្បាប់ចាស់។

 
 

កុំដៀលអ្នកស្រែ

ត្រកូលឯងខ្មែរ

កុំប្រែក្រលាស់

 

ក្រលេកមើលគុណ

ទន់ខ្លួនសំពះ

កុំធ្វើអ្នកណាស់

  

កុំត្មះអ្នកក្រ។

 
 

អ្នកកុំភ្លេចគុណ

គ្រូលេខនព្វន្ដ

គ្រូសូត្រអក្សរ

 

កុំចាប់ដៃទាញ

គំនាប់ងក់ក

កុំជជែកត

  

ស្មើមិត្ដសំលាញ់។

 
 

រាស្រ្ដរត់ចូលជ្រក

សួរសាចទៅមក

កុំអើឯងអញ

 

ពាក្យពុំពិរោះ

គេកើតមួក្នាញ់

គេដៀលផ្ចាលផ្ចាញ់

  

អន្ដរាយកេរ្ដិ៍ឈ្មោះ។

 

៣៥
-

កុំឆ្មើងអាងបុណ្យ

ស្រដីឲ្យទន់

ពោលពាក្យពិរោះ

 

ខ្លួនអ្នកនឹងថ្កើង

នឹងឡើងសក្ដិយស

កុំឆ្លៀតនាំឈ្លាះ

  

ញុះញង់អ្នកធំ។

 
 

កុំស្អប់អ្នកតូច

បើឃើញគ្នាខូច

គួរគិតប្រមុំ

 

ទោសគ្នាតិចតួច

ផ្ដួចឡើងជាធំ

ផ្សែងពួតជាដុំ

  

ផ្លុំឆេះជាភ្លើង។

 
 

កុំភ្លើនភ្លេចខ្លួន

ចេះសាសន៍ចិនយួន

កុំចោលខ្មែរយើង

 

កុំធ្វើក្រអើត

កុំពើតកុំពើង

កុំពាក់ស្បែកជើង

  

ចូលវត្ដលោកសង្ឃ។

 
 

ដោះមួកដាក់ឆត្រ

ឱនកាយប្រតិបត្ដិ

លំអុតឱនអង្គ

 

កុំស៊ីតាមឃ្លាន

កុំហ៊ានតាមចង់

កាន់ច្បាប់ស្រុកហ្វង្ស៍

  

កុំបង់សាសនា។

 
 

កុំចង់ថ្កើងពេក

កុំលើកដំណេក

ហួសមេហួសបា

 

តែងខ្លួនឲ្យល្មម

មើលពូជពង្សា

សង្ខេបនិដ្ឋិតា

  

រឿងផ្គប់បុណ្យសក្ដិ។

 

៤០
-

បើទៅជារាស្រ្ដ

ប្រាជ្ញាវៃឈ្លាស

គូរវាសឆ្លកឆ្លាក់

 

ឲ្យឆ្លៀតរែកពុន

បើធ្ងន់សុំដាក់

ខំរកមាសប្រាក់

  

ឲ្យគ្រាន់ទាន់ចាយ។

 
 

រាជ្យបារាំងសេស

កូនកុំប្រហែស

កុំថ្នមរូបកាយ

 

ដើរគិតដេកគិត

ជួញជិតជួញឆ្ងាយ

បើចង់សប្បាយ

  

ស្រេចនៅមានទ្រព្យ។

 
 

រាជ្យហ្លូងពីមុន

រកស៊ីរែកពុន

មានក្រតាមភ័ព្វ

 

រាជ្យលោកឥឡូវ

ត្រូវខំឲ្យញាប់

តែខ្ជិលច្រើនជាប់

  

ខ្នោះជើងខ្នោះដៃ។

 
 

តាំងពីឆ្នាំច

ចាំជាដំណ

ទំនិញឡើងថ្លៃ

 

ចងក្បិតឲ្យតឹង

ប្រឹងកុំសំចៃ

សញ្ជឹងយប់ថ្ងៃ

  

កុំឲ្យក្រខ្សត់។

 
 

បើចង់ស្រាលខ្លួន

រៀនសូត្រឲ្យមួន

ឲ្យមាំឲ្យស្ទាត់

 

កុំចេះស្ទាក់ស្ទើ

ល្ងីល្ងើឥតបទ

បើចេះប្រាកដ

  

ប្រាក់រត់តាមហៅ។

 

៤៥
-

កុំថ្នមកំលាំង

កាប់ជីកចូកចាំង

កុំថារងាក្ដៅ

 

រៀនអ្វីឲ្យឆ្អិន

កុំឲ្យខ្លោចឆៅ

កុំដេកតែខ្លៅ

  

ក្រក្រៅសន្ដាប់។

 
 

បើល្ងង់ឲ្យចេះ

រករៀនតំរិះ

រិះរកតំរាប់

 

អិន្រ្ទីឆ្វេងស្ដាំ

កុំចាំគេប្រាប់

រៀនស្ដីរៀនស្ដាប់

  

រៀនមើលឲ្យស្ដែង។

 
 

កើតមកជាមនុស្ស

ទាំងស្រីទាំងប្រុស

 មិនដែលចេះឯង

 

បើក្រឲ្យមាន

វិញ្ញាណចេះក្រែង

គិតគ្រប់កន្លែង

  

កុំដេកតែក្រ។

 
 

កុំប្លន់កុំលួច

កុំខ្ជិលកុំខូច

កុហកឆូវឆ

 

បោកប្រាសយកប្រាក់

ច្រវាក់ជាប់ក

កាន់មារយាទល្អ

  

សុច្ចរិតត្រឹមត្រូវ។

 
 

កូនអើយរកស៊ី

កកាយធរណី

ធ្វើស្រែយកស្រូវ

 

កុំតាមអ្នកណា

បាតាមតែឪ

លើកភ្លឺជិតផ្លូវ

  

កុំស្រាស់បន្លា។

 

៥០
-

គេដើរយប់ថ្ងៃ

មុតជើងមុតដៃ

ដឹងចៀសទៅណា

 

ចៀសចុះជាន់ស្រូវ

ហើយជេរផ្ដាសា

កូនម្ដាយអាណា

  

ស្រាស់ដើរមិនរួច។

 
 

កុំយកគល់ឈើ

ទៅដាក់ពីលើ

ទោះធំទោះតូច

 

ជំពប់ជើងគេ

គេថាឯងខូច

ជេរដៀលដល់ពូជ

  

ប្រដូចមេបា។

 
 

លើកភ្លឺឲ្យធំ

បង្ហាប់ឲ្យមាំ

គាប់ភ្នែកទេវតា

 

ស្មើបានសង់ស្ពាន

នឹងមិនផលា

កើតសាធុការ

  

អាយុយឺនវែង។

 
 

កូនអើយធរណី

បើតាមគម្ពីរ

ដែលលោកសំដែង

 

កុំចង់បានធំ

ក្រមុំឆ្វេលឆ្វែង

កុំលើកដីឯង

  

លបដាក់ស្រែគេ។

 
 

អំពើអាក្រក់

មួយចំរៀកសក់

ធ្លាក់ទៅនិរយេ

 

បច្ចុប្បន្នលោកិយ៍

កើតក្ដីវាយជេរ

មិនដែលសុខទេ

  

ព្រោះដីមួយហត្ថ។

 

៥៥
-

កុំជួញចង់ទាស់

ខូចខាតរបស់

អស់ទ្រព្យសម្បត្ដិ

 

ចង់គង់ប្រយោជន៍

ឲ្យចេះប្រយ័ត្ន

ពាក្យឪមួយមាត់

  

ឲ្យគិតមួយម៉ោង។

 
 

សំអាតផ្ចិតផ្ចង់

លើកភ្លឺឲ្យត្រង់

 កុំលើកឲ្យកោង

 

អ្នកកុំប្រហែស

ក្រែងមានប្រហោង

លើកមើលទំនង

  

ទំនាបទឹកហូរ។

 
 

ចំនួនទឹកស្ទឹង

ទឹកព្រែកទឹកបឹង

ទឹកវាលទឹកអូរ

 

អ្នកលើលិចស្រូវ

ត្រូវបើកបង្ហូរ

អ្នកក្រោមកុំថ្ងូរ

  

បន្ធូរហួសទៅ។

 
 

រាំងរឹងថ្ងៃយប់

កុំឲ្យបាក់ជ្រៅ

ឆាប់លើកឆាប់ទប់

 

កត្ដឹកចេញខ្យល់

តំកល់ទឹកនៅ

បើចង់បានស្រូវ

  

ស្រេចនៅត្រឹមថែ។

 
 

កុំយកគ្រាប់ត្នោត

ទៅដាំទៅដោត

ពីលើភ្លឺស្រែ

 

ចិត្ដគិតប្រមាណ

ចង់បានផ្កាផ្លែ

ដាំដុះដង្ហែ

  

បង្ហិនខ្លួនឯង។

 

៦០
-

ដល់ត្នោតឡើងគល់

ឡើងកើតនាំខ្វល់

ធាងលូតឡើងវែង

 

ភ្ជួររាស់ជាប់នឹម

ក្របីជាប់ស្នែង

ទទើសទទែង

  

ភ្ជួរឆ្វេងមិនត្រូវ។

 
 

ដល់ត្នោតវាធំ

មានស្លឹកវាទុំ

វាជ្រុះក្នុងស្រូវ

 

ស្រែឆ្ងាយពីផ្ទះ

ឃ្លាតណាស់ពីផ្លូវ

ទំរាំតែទៅ

  

រលួយស្រូវអស់។

 
 

កូនអើយកុំឆោត

បើចង់បានត្នោត

ដាំដោយកៀនកោះ

 

ដីទួលចំការ

ឯណាចន្លោះ

ដាំជារបស់

  

ជាយជួររបង។

 
 

របៀបចំការ

ថែទាំរក្សា

យូរៗស្រាស់ម្ដង

 

ស្រាស់ឲ្យត្រូវជួរ

មើលគួរសមផង

កុំបើកមុជឆ្លង

  

ទៅស្រាស់ខាងក្រៅ។

 
 

មិនគាប់ប្រសើរ

របងវាដើរ

អ្នកម្ខាងវាក្ដៅ

 

កើតក្ដីកើតក្ដាំ

អស់ខោអស់អាវ

ខឹងអស់ញាតិផៅ

  

ពីព្រោះចំការ។

 

៦៥
-

មួយទៀតរបង

ជិតផ្លូវអ្នកផង

គេទៅណាៗ

 

ធ្វើឲ្យទូលាយ

កុំរាយបន្លា

កាប់ឆ្កេះទាត់ឆ្ការ

  

ឲ្យឆ្ងាយពីផ្លូវ។

 
 

កុំធ្វើចង្អៀត

ក្រែងយប់អាធ្រាត្រ

ខ្លះមកខ្លះទៅ

 

ចៀសគ្នាមិនរួច

បើកបរកាត់ស្រូវ

ជេរម្ដាយតាមផ្លូវ

  

រហូតដល់ផ្ទះ។

 
 

កូនអើយអ្នកចាំ

អ្នកកុំចងកម្ម

មានពៀរច្រើនណាស់

 

ជាតិក្រោយខ្វក់ខ្វិន

កខ្វេះកខ្វាស

សូវចោលដីខ្លះ

  

មិនខាតប៉ុន្មាន។

 
 

កុំខ្លាចតែក្រ

ធ្វើរិកមិនល្អ

ច្រើនកើតរឱស្ថាន

 

រអែករអោក

បាត់ញាតិសន្ដាន

ឥតគេរាប់អាន

  

មានតែគេស្អប់។

 
 

កាន់រិកឲ្យខ្ពស់

ឲ្យខ្ពើមពាក្យឈ្លោះ

ទើបបានជាគាប់

 

យកឆោតដាក់ខ្លួន

ច្រើនមានគេរាប់

បើខ្លួនឥតទ្រព្យ

  

កុំធ្លាប់ហ៊ានខ្ចី។

 

៧០
-

គ្រប់ការសារពើ

ចង្អេរកញ្ជើ

កន្ដាំងតៅល្អី

 

រនាស់រទេះ

គោសេះក្របី

បើបានជាខ្ចី

  

ខ្ចីប្រាក់គេទិញ។

 
 

យកមករកស៊ី

ខែមួយខែពីរ

សងប្រាក់គេវិញ

 

របស់បានយើង

ជាជើងជួញចេញ

ឯទ្រព្យនោះមិញ

  

ពេញជាទ្រព្យឯង។

 
 

កុំខ្ចីគេប្រើ

តែមួយដំណើរ

 មិនយូរអង្វែង

 

ជួនជាបាក់បែក

ជជែកទាស់ទែង

សងគេមិនលែង

  

ចាស់ផ្លាស់ជាថ្មី។

 
 

កើតមកជាប្រុស

គិតឲ្យសព្វសុស

កុំឲ្យសល់អ្វី

 

បួសរៀនធម៌អាថិ

សាស្រ្ដាបាលី

បរលោកលោកិយ

  

កុំបីចន្លោះ។

 
 

សឹកមករកស៊ី

កកាយធរណី

ធ្វើជាគ្រហស្ថ

 

កុហកជឿបុល

បំណុលរុំកោះ

ច្រើនគេដាក់ខ្នោះ

  

អស់ស្រែចំការ។

 

៧៥
-

ធ្វើរាស្រ្ដរកស៊ី

ចិញ្ចឹមគោញី

ថែទាំព្យាបាល

 

ក្រហេតុពីខ្ជិល

មានត្បិតអុស្សាហ៍

អ្នកមានប្រាជ្ញា

  

មិនស្មើគំនិត។

 
 

កំណើតសំណាង

សំណូមសូមសាង

កកើតពីគិត

 

ពីកាលជាតិមុន

បុណ្យព្រេងអតិត

កើតរូបគំនិត

  

ទើបកើតសំណាង។

 
 

 ឯមនុស្សសំណល់

ល្ងង់ល្ងើងឿងឆ្ងល់

ទាស់ទែងក្អេងក្អាង

 

ដប់ឆ្នាំនេះហើយ

ប្រកាន់ម្យ៉ាងៗ

ខ្លះអួតសំណាង

  

ខ្លះអាងគំនិត។

 
 

កូនចៅប្រុសស្រី

រកប្រពន្ធប្ដី

ឲ្យរកស្រុកជិត

 

បើរកស្រុកឆ្ងាយ

ឲ្យម្ដាយពិនិត្យ

ឲ្យត្រឹមត្រូវពិត

  

ពូជពង្សាវតារ។

 
 

កូនអើយអ្នកចាំ

កុំជឿខែឆ្នាំ

កុំជឿតំរា

 

ពាក្យក្បួនទាំងឡាយ

កើតពីមនុស្សចារ

ពីដូនពីតា

  

ចារតាមសំគាល់។

 

៨០
-

អ្នកជឿតែពូជ

អំបូរធ្លាប់ខូច

វាខូចរាងរាល់

 

ពូជមានវាមាន

ពូជទាល់វាទល់

កុសលអកុសល

  

យើងមើលមិនជាក់។

 
 

ប្រពន្ធនិងប្ដី

អាយុវែងខ្លី

យើងមើលមិនច្បាស់

 

កុំយកពូជល្បែង

ពូជភ្លេងអារក្ខ

បើម្ង៉ៃបង់ប្រាក់

  

រកអាយុវែង។

 
 

អំបូរពង្សពូជ

ត្រកូលធ្លាប់ខូច

វាខូចមិនលែង

 

ពូជចោរស្រីៗ

យកប្ដីចិត្ដឯង

មិនគិតកោតក្រែង

  

ខ្លាចចិត្ដមេបា។

 
 

កូនចៅស្រីៗ

បើនឹងយកប្ដី

ឲ្យមើលកិរិយា

 

មួយភ្លេងអារក្ខ

មួយអ្នកបាណា

មួយអ្នកផឹកស្រា

  

មួយអ្នកចង់ស្រី។

 
 

មួយអ្នកក្រមាច់

លេងផោមលេងអាច់

ច្រើនអាយុខ្លី

 

ប្រកាច់ដាច់លក្ខណ៍

ជាន់អារក្ខព្រៃ

មួយគឺមន្រ្ដី

  

ធ្វើក្រមជំទប់។

 

៨៥
-

ជំទយតែដើរ

មេស្រុកគេប្រើ

ទាំងថ្ងៃទាំងយប់

 

មានមួកខ្វះឆ័ត្រ

កំរមានគ្រប់

មួយទៀតកុំភប់

  

ជួញប្រាំប្រការ។

 
 

ប្រាកដជាខុស

លក់សត្វទាំងរស់

មិនចេះអនិច្ចា

 

សព្វសត្វអ្វីៗ

បក្សីបក្សា

ព្រាត់មេព្រាត់បា

  

ទេវតាលោកលក់។

 
 

លោកិយនេះខ្សត់

យម្ភបាលគេកត់

នៅស្ថានរក

 

មួយហួយអាប៉ោង

ប៉ោបៀគ្រប់មុខ

កូនអើយចាំទុក

  

ក្រគ្រប់ប្រាំបី។

 
 

ឯអ្នកទាំងអស់

រកស៊ីម៉េះម៉ស់

ច្រើនជាងស្រីៗ

 

ប្រាជ្ញានោះវែង

គំនិតនោះខ្លី

ប្រពន្ធជេរស្ដី

  

អាងឈ្លោះបំពាន។

 
 

នេះពូជអ្នកក្រ

រស់ទាំងត្រដរ

ទាំងអត់ទាំងឃ្លាន

 

ធ្វើគុណនឹងគេ

រកគេសងគ្មាន

ហេតុនេះកុំរៀន

  

ទាំងប្រាំបីផ្លូវ។

 

៩០
-

យ៉ាងអ្នកនេសាទ

មិនដែលសង្វាត

ធ្វើស្រែបានស្រូវ

 

ប្រព្រឹត្ដសាងកម្ម

ប្រចាំរដូវ

វង្វេងខុសត្រូវ

  

ព្យាយាមសំលាប់។

 
 

អន្ទាក់ជង់កុក

អង្រុតឈ្នាងឈ្នក់

គ្រប់គ្រឿងប្រដាប់

 

ថ្លុកបៀត្រពាំង

ទប់បាំងបាចចាប់

ចោលស្រូវកណ្ដាប់

  

កណ្ដុរកាត់អស់។

 
 

កំពប់ខ្ចាត់ខ្ចាយ

ខូចខាតអន្ដរាយ

មិនស្ដាយស្រណោះ

 

យប់រវល់ប្របក់

ចង់បានត្រីរ៉ស់

ខែភ្លឺរវល់ឆ្លុះ

  

ដើរដេញសំពោច។

 
 

វក់តែសប្បាយ

ដើរដេញទន្សាយ

ដើរចងសន្ទូច

 

អំពើអស់នោះ

ច្រើនខ្វះស្រូវពូជ

ធ្វើបានតិចតួច

  

អាងជឿគេស៊ី។

 
 

កូនអើយបំណុល

ចងការជឿបុល

មួយឡើងជាពីរ

 

អ្នកភ្លេងអារក្ខ

ច្រើនទឹមគោញី

ធ្វើស្រែមួយពីរ

  

ធ្វើសោះតែខាន។

 

៩៥
-

ថ្ងៃដេកក្រភ្ញាក់

យប់លៀងអារក្ខ

ឈឺឆ្អាលសន្ដាន

 

គេស្ដីគេពឹង

នឹងឈប់មិនបាន

គេរករាប់អាន

  

កាលមានធុរៈ។

 
 

ផ្លុំប៉ីកូតទ្រ

ស្រែកច្រៀងវាយស្គរ

មិនបានលុយកាក់

 

ឯងពឹងគេវិញ

គេគ្មានជំពាក់

ពឹងបានម្នាក់ៗ

  

ដោយសារឲ្យថ្លៃ។

 
 

ឡើងត្នោតភ្ជួរស្រែ

កំរទាន់គេ

ដ្បិតដេកដល់ថ្ងៃ

 

ច្រូតកាត់ចង់ឆាប់

ជួលគេពេញថ្លៃ

ចំណេះចង្រៃ

  

នាំខាតធ្វើការ

 
 

ឯខ្មោចអារក្ខ

ស្លាប់ដប់រស់ម្នាក់

ថ្វាយចេកថ្វាយស្រា

 

សំពះនឹកគុណ

ខ្មោចប្រេតដូនតា

មិនដែលអ្នកណា

  

នឹកគុណអ្នកភ្លេង។

 
 

ឯអ្នកប្រមឹក

ប្រមូលកនផឹក

ធ្វើភឿននឹងក្មេង

 

សំដីច្រើនតឹង

ស្រវឹងវង្វេង

ចំហរអួតក្អេង

  

មិនចេះក្រខ្សត់។

 

១០០
-

អួតទាំងបំពាន

ផឹកម្ង៉ៃលុយមាន

ផឹកម្ង៉ៃលុយអត់

 

ឯងចេះតែកិន

ចិនគិតតែកត់

ផឹកដល់កំណត់

  

យកស្រែបញ្ចាំ។

 
 

សល់ថ្នាលមួយពីរ

វាយគោស្ងោរស៊ី

មិនគិតខ្លាចកម្ម

 

ផឹកជ្រុលហួសល្បត់

អត់បាយរាប់ឆ្នាំ

អស់ស្រែបញ្ចាំ

  

បញ្ចាំកូនទៀត។

 
 

កំណើតផឹកស្រា

ផឹកផុតមេត្ដា

ផឹកជ្រុលហួសមាឌ

 

អ្នកមួយផឹកស្ទើរ

ល្ងីល្ងើចេះឆ្លៀត

ម្យ៉ាងផឹកផុតមារយាទ

  

ច្រើននៅខ្ញុំចិន។

 
 

រែកទឹកពុះអុស

វាទុញវាតុះ

ចាក់កែវផឹកសិន

 

ស៊ូរែកខំអត់

សំពត់ខើចក្បិន

ទំរាំបាយឆ្អិន

  

ចិនដួសហៅស៊ី។

 
 

ឆ្ងាញ់តែម្នាក់ឯង

ឆ្អែតហើយខំស្វែង

ខំលើកខំលី

 

ដងទឹកស្រោចគ្រប់

ស្រោចខ្ទឹមម្ទេសជី

ខ្ញុំចិនម្ង៉ៃពីរ

  

វិលទៅរវាំងផ្ទះ។

 

១០៥
-

ឯអ្នកចង់ស្រី

ប្រពន្ធពីរបី

ថាឯងអ្នកណាស់

 

គន់ឯសំពត់

តែមួយបន្លាស់

ពាក់អាវបំណាស់

  

កំរមានថ្មី។

 
 

ផ្ទះលេចវាលល្វឹង

ជញ្ជាំងចងហ៊ឹង

ស្លាធ័របាយសី

 

ខួចប្រេងក្រមួន

ម្លូស្លាបារី

កំលោះពីរបី

  

ចោមរោមរៀនស្នែហ៍។

 
 

រៀនស្នាលរៀនស្និទ្ធ

កើតក្ដីពីក្ដិត

ព្រួយចិត្ដម៉ែឪ

 

កូនអើយប្រពន្ធ

អាងមន្ដពូកែ

ត្រូវគុករាប់ខែ

  

អស់ស្រែត្រពាំង។

 
 

ធម្មតាប្រពន្ធ

បានដោយសីលមន្ដ

ដោយស្ងាត់កំបាំង

 

រកស៊ីលៀនភ្នែក

បានវែកខ្វះឆ្នាំង

បានល្អីកន្ដាំង

  

នៅខ្លះចង្អេរ។

 
 

បាននេះខ្វះនោះ

ក្រហេតុពីព្រោះ

អាពុកម្ដាយជេរ

 

បើចូលជំនុំ

មិនរម្យដូចគេ

អង្គុយវេះវេរ

  

មិនហ៊ានហាលមុខ។

 

១១០
-

នេះពុតអ្នកក្រ

ចាំជាតំណ

តជាទំនុក

 

ប្រយ័ត្នដំនៀល

គេដៀលអាពុក

កូនអើយចាំទុក

  

ចាំតកូនចៅ។

 
 

រក្សាពូជពង្ស

បើខ្លួនល្ងឹតល្ងង់

ស្ដាប់ចាស់ប្រដៅ

 

កុំស្អប់អ្នកប្រាជ្ញ

កុំខ្លាចអ្នកខ្លៅ

បើមនុស្សឆោតឆៅ

  

កូនឯងកុំភប់។

 
 

កុំភ័យខ្លាចអត់

មើលឲ្យប្រាកដ

គួរយកគួរឈប់

 

គួរឈានគួរឈោង

តោងមើលឲ្យគ្រប់

កុំចេះតែងប់

  

មិនស្ដាប់ឪម៉ែ។

 
 

រកប្ដីប្រពន្ធ

ឲ្យគិតឲ្យគន់

ឲ្យមើលថួនថែ

 

ត្រកូលក្រខ្សត់

ប្រាកដតាមខ្សែ

បីដូចឈើផ្លែ

  

មិនដែលចេះក្លាយ។

 
 

ជូរផ្អែមធំតូច

ដើមក្រូចផ្លែក្រូច

ដើមស្វាយផ្លែស្វាយ

 

ពូជស្រីចោរក្បត់

មិនអត់សាហាយ

ពូជស្រីមេម៉ាយ

  

ពីម្ដាយដល់កូន។

 

១១៥
-

រើសពូជមិនខុស

ពូជសាំងនិងប្រុស

ទាំងអស់បងប្អួន

 

ពូជសែនមេបា

ពីតាដល់ដូន

ពូជល្អសុទ្ធសូន្យ

  

ពីដូនដល់ចៅ។

 
 

រករូបមិនក្រ

អាក្រក់ហើយស

មារយាទល្អហើយខ្មៅ

 

ស្រីក្មេងមានខ្មាស

ប្រដូចតាមផៅ

ចាស់ចង់ប្រដៅ

  

មិនសូវខុសខាន។

 
 

ពាក្យចាស់លោកថា

ធ្វើស្រែចំការ

ស្ដាប់មហាសង្រ្កាន្ដ

 

ធ្វើម្ដងខុសខាត

ធ្វើម្ដងទៀតបាន

ធ្វើតាមប្រមាណ

  

ប្រមើលទឹកភ្លៀង។

 
 

រកប្ដីប្រពន្ធ

ឲ្យគយឲ្យគន់

រើសរករូបរាង

 

ពូជថ្លៃល្មមយក

ពូជថោកល្មមវាង

រូបល្អរិកល្អៀង

  

នាងកុំប្រសព្វ។

 
 

ជាតិស្រីនិងប្រុស

បើបានជាខុស

ខុសទាល់ថ្ងៃងាប់

 

បើបានរូបល្អ

កំរមានភ័ព្វ

មានខុសមានគាប់

  

ដូចស្រែចំការ។

 

១២០
-

មួយទៀតអ្នកចាំ

អាពុកចំណាំ

ទុកជាតំរា

 

កុំយកតំរាប់

កុំស្ដាប់អាចារ្យ

បើនឹងរៀបការ

  

កុំការប្រធួន។

 
 

ប្រជែងវេលា

លឺស្គរឆ្លើយគ្នា

ប្រទប់ប្រទួន

 

ស្រុកជិតភូមិផង

របងដោយខ្លួន

អាចារ្យអាងក្បួន

  

ថាសុខសប្បាយ។

 
 

កូនអើយអ្នកចាំ

យូរណាស់៤ឆ្នាំ

ព្រាត់ប្រាស់អន្ដរាយ

 

ច្រើនស្លាប់បីនាក់

រស់ម្នាក់មេម៉ាយ

កូនឃើញតែម្ដាយ

  

មិនឃើញអាពុក។

 
 

មានកាលស្លាប់ស្រី

ស្លាប់ចោលកូនខ្ចី

ប្ដីនៅរងទុក្ខ

 

យកប្រពន្ធទៀត

កំរពេញមុខ

កូននិងអាពុក

  

បែកគ្នាខ្ចាត់ខ្ចាយ។

 
 

កូនចៅស្រីៗ

បើនឹងយកប្ដី

កុំយកពោះម៉ាយ

 

សូវនៅម្នាក់ឯង

បន្លែងនឹងម្ដាយ

អាណិតរូបកាយ

  

ស្ដាយខ្លួនក្រមុំ។

 

១២៥
-

ហៅប្រុសអភ័ព្វ

ប្រពន្ធដើមស្លាប់

មានកូនតូចធំ

 

យកឯងជាចុង

បំរុងតែយំ

ច្រើនឈ្លោះជំនុំ

  

ព្រួយចិត្ដម៉ែឪ។

 
 

ហៅប្រុសចិត្ដពីរ

ពិបាករកស៊ី

រញាំរញ៉ូវ

 

ឯងនឿយស្ទើរស្លាប់

ផ្គាប់ចិត្ដមិនត្រូវ

បីបួនរដូវ

  

ខ្លួនឯងស្លាប់ទៀត។

 
 

ចង្រៃខាងប្រុស

កូនអើយចាំចុះ

កុំយកខ្លួនបៀត

 

ស្រីណាខំយក

ស្រីនោះបង់មារយាទ

ប្រុសព្រួយខ្ចប់ធាតុ

  

ខ្ចប់គ្រប់ជាបី។

 
 

យកទៀតជាបួន

គ្រោះដល់ស្លាប់ខ្លួន

មេម៉ាយខាងស្រី

 

ប្រាកដមិនខុស

ប្រុសក្នុងលោកិយ

ស៊ូនៅអត់ប្ដី

  

ស្លាប់រស់រូបមួយ។

 
 

បើខ្លួនកំព្រា

រំពឹងមីងមា

រកស៊ីមិនព្រួយ

 

កាន់មារយាទល្អ

មិនក្រគេជួយ

បងប្អូនកូនក្មួយ

  

រត់ចូលឲ្យប្រើ។

 

១៣០
-

ពោះម៉ាយមានបី

កុំយកធ្វើប្ដី

មិនគាប់ប្រសើរ

 

អាមួយស្រីលែង

ស្រីគេគ្រាន់បើ

ពោះម៉ាយក្លាយដើរ

  

អាងលែងប្រពន្ធ។

 
 

ពោះម៉ាយទាំងអស់

កុំយកឲ្យសោះ

ហៅប្រុសទូរជន

 

ទូរជាតិអប្រិយ

ស្រីកើតទុក្ខធ្ងន់

ហៅមួយជំនាន់

  

ចំណាំមិនខុស។

 
 

កំលោះចាស់យូរ

ចាស់ទុំគេប្ដូរ

ល្មមព្រមយកចុះ

 

រកស៊ីមានបាន

សុខសាន្ដឥតឈ្លោះ

ចំរើនរូបរស់

  

អាយុយឺនយូរ។

 
 

កុំយកប្ដីប្អូន

ថោករាសីខ្លួន

រកស៊ីមិនធូរ

 

គេហៅឯងធំ

សមហៅគេពូ

ច្រើនខ្ជិលមូទូ

  

ម៉េះម៉ស់នឹងល្បែង។

 
 

វាច្រើនមើលងាយ

ហៅស្ដីនិយាយ

ហៅហងហៅឯង

 

ខ្លួនយើងជាស្រី

ស្រដីឥតក្រែង

យល់គេប្អូនឯង

  

ឯងមើលងាយជេរ។

 

១៣៥
-

ពាក្យចាស់លោកចង

ប្ដីទុកស្មើបង

ប្រពន្ធស្មើម៉ែ

 

មើលងាយរាល់ថ្ងៃ

ចង្រៃរាល់ខែ

រកស៊ីធ្វើស្រែ

  

ច្រើនខាតគ្រាប់ស្រូវ។

 
 

គួរយកប្ដីបង

ពាក្យចាស់លោកចង

ទុកប្ដីស្មើឪ

 

ខ្លួនឯងប្រមាថ

ប្រតិបត្ដិឲ្យត្រូវ

រាសីគង់នៅ

  

ទេព្រិក្សរក្សា។

 
 

ប្រពន្ធនិងប្ដី

ធំស្រេចនឹងស្រី

គត់គង់ភរិយា

 

ឈ្លោះហើយច្រើនខ្សត់

ស្រីអត់លក្ខិណា

ប្ដីខ្ជិលអុស្សាហ៍

  

ព្រោះរិកប្រពន្ធ។

 
 

ជាតិស្រីមានលក្ខណ៍

ទេវតាពុំនាក់

កបកើតទ្រព្យធន

 

ប្រទេចជេរវាយ

ចង្រៃទូរជន

ជួរជាតិលើសលន់

  

លើសលុបលើប្រុស។

 
 

ហៅកាឡកិណី

វាយកូនជេរស្ដី

មិនដឹងត្រូវខុស

 

បើមានភ្ញៀវមក

រឹតរករឿងឈ្លោះ

អសោចសាយសុស

  

រង្គោះធនធាន។

 

១៤០
-

រកស្រីមារយាទខ្ពស់

ចេះខ្ពើមពាក្យឈ្លោះ

ចេះទ្រាំអត់ឃ្លាន

 

ចេះស្លូតចេះកាច

ចេះខ្លាចចេះហ៊ាន

ចេះខ្មាសចេះអៀន

  

កាចមានប្រាជ្ញា។

 
 

កូនចៅស្រីប្រុស

ចំណាំទុកចុះ

ទុកជាតំរា

 

គួរយកតំរាប់

គួរស្ដាប់ពុទ្ធដិកា

ព្រះអង្គទេសនា

  

គាថាបួនបទ។

 
 

រៀនត្រាប់អ្នកប្រាជ្ញ

បើចង់ឈ្នះកាច

យកស្លូតសង្កាត់

 

ចង់ឈ្នះមនុស្សខឹង

ឲ្យប្រឹងខំអត់

វាជេរវាហត់

  

វាស្បថលែងខឹង។

 
 

ចង់ឈ្នះអសុរោះ

ស្ដីលេងឡេះឡោះ

កុំធ្វើជាដឹង

 

យើងស្ដីត្រង់ណា

ឲ្យចំត្រង់ហ្នឹង

ឃើញរិកយើងរឹង

  

ខ្លាចយើងខាងក្រោយ។

 
 

ចង់ឈ្នះកំណាញ់

ក្រដេក្រដាញ់

សុំអ្វីមិនឲ្យ

 

បើបានចំណី

ហុចវាញយៗ

តិចដោយច្រើនដោយ

  

ក្នុងតែវាដឹង។

 

១៤៥
-

នេះមន្ដព្រះពុទ្ធ

ប្រាជ្ញាឲ្យមុត

ឲ្យគិតថ្លែងថ្លឹង

 

កុំកាចខុសខ្នាត

កើតខាតដ្បិតខឹង

កូនអើយខំប្រឹង

  

កាន់ច្បាប់ទាំងបួន។

 
 

កុំជួញរវល់

កុំតបតទល់

កើតទាស់គុំគួន

 

កូនណាកាន់បាន

កូននោះសុខខ្លួន

ទោសទាស់លែងជួន

  

លែងជួបមួយជាតិ។

 
 

បើមនុស្សរែកទូល

មកនៅចំណូល

ញ៉េះញ៉ាស់ធ្វើញាតិ

 

ឲ្យមើលលៃលក

កុំយកខ្លួនបៀត

វាទូលទៅទៀត

  

អសារឥតការ។

 
 

ចំណីចំណុក

បើឲ្យស៊ីចុក

ឲ្យដោយមេត្ដា

 

កុំឲ្យជឿខ្ចី

ក្រែងខុសសន្យា

កើតទាស់កាលណា

  

រើរែករត់បាត់។

 
 

មនុស្សគ្មានកន្លែង

ខុសពីមារយាទឯង

មិនប្រុងប្រយ័ត្ន

 

តាមទាន់តឹងទារ

វាខឹងក្ដៅក្ដាត់

គុំគួនដោយស្ងាត់

  

បំភ្លាត់ឯងបាន។

 

១៥០
-

ហេតុនេះគួរគិត

គួរកូនពិនិត្យ

ច្បាស់សុំរាប់អាន

 

គួរឲ្យសុំឲ្យ

គួរខានឲ្យខាន

ត្បិតពាក្យបុរាណ

  

មានពីរចំណែក។

 
 

ចងទុកជាក្បួន

ចិត្ដល្អក្រខ្លួន

នេះពាក្យមួយប៉ែក

 

មួយទៀតចិត្ដល្អ

មិនក្រយូរពេក

ឆ្នាំនេះឆ្នាំ(ស្អែក?)

  

ក្នុងតែនឹងមាន។

 
 

ចិត្ដល្អក្រខ្លួន

ចាំទុកជាក្បួន

ជាក្បាលនិទាន

 

ឃើញអ្នកទុរគត

កំសត់អត់ឃ្លាន

មិនស្គាល់ពោះវៀន

  

ហ៊ានឲ្យជឿខ្ចី។

 
 

ទៅទារមិនឲ្យ

តឹងតឿនញយៗ

ខឹងប្ដឹងកើតក្ដី

 

ខាតទាំងទ្រព្យចាស់

អស់ទាំងទ្រព្យថ្មី

ស្គមគោក្របី

  

រវល់ក្ដីខាន់ថែ។

 
 

ចិត្ដល្អមួយទៀត

មេត្រីជាញាតិ

សំដីខ្ចីស្រែ

 

បានស្រូវស៊ីស្កប់

ត្រលប់កាច់កែ

រំលងឆ្នាំខែ

  

ដកហូតមិនបាន។

 

១៥៥
-

ឯងប្ដឹងវា

ក្ដីទាល់តែក្រ

អស់ឆ្នាំងអស់ចាន

 

របស់ក៏ខាត

របរក៏ខាន

ដឹងអស់ប៉ុន្មាន

  

ទំរាំចាញ់ឈ្នះ។

 
 

ទ្រព្យធនអ្វីៗ

ចងការជឿខ្ចី

មើលមុខឲ្យច្បាស់

 

កុំចោលច្បាប់ខ្មែរ

កុំភ្លេចច្បាប់ព្រះ

តាមតែប្រទះ

  

ប្រទាញសងខាង។

 
 

ចាំចិត្ដកណ្ដាល

បើនឹងឈឺឆ្អាល

សប្បុរសមើលយ៉ាង

 

រៀនស្លូតរៀនប្រាជ្ញ

កាចកុំក្អេងក្អាង

ក្រែងគ្រោះសំណាង

  

ខ្មោចខាងវាស្អប់។

 
 

ល្អមិនក្រយូរ

ស្វែងរៀនរកគ្រូ

ស៊ូកុំស្ដាយទ្រព្យ

 

គ្រូវាយកុំខឹង

ឲ្យប្រឹងខំផ្គាប់

ចេះមន្ដសាយសព្វ

  

ត្រលប់ជាមាន។

 
 

ធម្មតាអ្នកចេះ

អ្នកស្វែងចំណេះ

ចេះដ្បិតខំរៀន

 

ឆ្លាក់គូរក្បូរក្បាច់

សាច់សិល្ប៍របៀន

អ្នកខ្សត់អត់ឃ្លាន

  

ព្រោះចិត្ដអាក្រក់។

 

១៦០
-

ខូចខិលល្ងង់ខ្លៅ

គ្រូជេរប្រដៅ

ខឹងលបសំលក់

 

របេញរបុញ

ភូតភរកុហក

ស៊ូប្លន់លួចឆក់

  

មិនខំធ្វើស្រែ។

 
 

អ្នកប្លន់អ្នកលួច

ឆក់បានតិចតួច

បានគ្រាន់បើដែរ

 

ដល់គេឃើញមុខ

ត្រូវគុកច្រើនខែ

អាក្រក់ដល់ម៉ែ

  

ខូចកេរ្ដិ៍ដល់ឪ។

 
 

ចង់ខ្ពស់បានទាប

ចចើងចង់លាភ

រែងបាត់ធនទៅ

 

ពាក្យពីបូរាណ

លោកអានតំរូវ

រិកមនុស្សឥឡូវ

  

ត្រូវតាមតំរាយ។

 
 

អ្នកលួចអ្នកប្លន់

ចង់បានប្រពន្ធ

ចេញជួញស្រុកឆ្ងាយ

 

ទិញងារមេស្រុក

សូកធ្វើចៅហ្វាយ

ចង់ថ្កើងសប្បាយ

  

ចាយប្រាក់រាជការ។

 
 

ឆបាំងបំបាត់

លួចបានដោយស្ងាត់

អាងមានប្រាជ្ញា

 

ក្រលេកថ្នាំងដៃ

កាលៃបោះត្រា

ទាស់ភ្នែកទេវតា

  

រក្សាផែនដី។

 

១៦៥
-

មួយទៀតទូរជន

ធ្វើបាបបានបុណ្យ

គឺបុណ្យមន្រ្ដី

 

ទោសទៅចងចាប់

កាប់ឥតប្រណី

បានបុណ្យមន្រ្ដី

  

ព្រោះបុណ្យធ្វើបាប។

 
 

អំពើទាំងអស់

កុំសាងឲ្យសោះ

ចៀសវាងដរាប

 

កាន់សីលព្រះពុទ្ធ

ឱនលុតឱនក្រាប

បើក្រដុនដាប

  

មានទេវតាជួយ។

 
 

កូនអើយទេវតា

ស្ថិតសព្វព្រឹក្សា

រងោករងួយ

 

មនុស្សទ្រូស្ដឫ្យា

ឯណានិមួយ

ទេវតាពុំជួយ

  

ចំណាំស្គាល់មុន។

 
 

មិនដែលកំបាំង

រាជការបារាំង

គេចាប់ដាក់គុក

 

ដល់ខ្លួនស្លាប់ទៅ

នៅរងសោយទុក្ខ

សោយទោសនរក

  

ទាំងពីរកន្លែង។

 
 

នរកបារាំង

មានខ្សោយមានខ្លាំង

មានខ្លីមានវែង

 

នរកយម្ភបាល

គេផ្ចាលឥតក្រែង

ព្រះអង្គសំដែង

  

ថាលានកោដិឆ្នាំ។

 

១៧០
-

ហេតុនេះគួរវាង

គួរចាលគួររាង

គួរចងគួរចាំ

 

គួរកុំធ្វើបាប

ដរាបខ្លាចកម្ម

គួរកាន់សីលប្រាំ

  

បណ្ដាំសាសនា។

 
 

ហៃកូនចៅអើយ

ក្រលាប់អស់ហើយ

មិនដូចដូនតា

 

ភ្លៀងជនខែប្រាំង

រាំងខែវស្សា

ឆ្នាំវករកា

  

ត្រីស័កនេះឯង។

 
 

រនោចផល្គុន

រកាពីមុន

ឯកស័កជាក់ស្ដែង

 

ក្នុងខ្នើតផល្គុន

ជនគ្រប់កន្លែង

ទាំងគេទាំងឯង

  

ធ្វើស្រែមិនបានផល។

 
 

ឆ្នាំរោងឆស័ក

វិសាខភ្លៀងធ្លាក់

ពីររោចសំគាល់

 

យប់ថ្ងៃអាទិត្យ

ងងឹតព្យុះខ្យល់

ភ្លៀងជន់ពេញថ្នល់

  

ពេញវាលតូចធំ។

 
 

ពេញអូរពេញជ្រោះ

ដើមឈើទាបខ្ពស់

រលុះរលំ

 

ឫ្សីស្រុកយើង

រលើងទាំងគុម្ព

ទើបគ្រាប់វាផ្ដុំ

  

ផ្ដួចដុះជាថ្មី។

 

១៧៥
-

ឆ្នាំចកុរជូត

រាំងរីងរហូត

គ្រប់ឆ្នំាទាំងបី

 

កើតទាំងជំងឺ

ស្លាប់មនុស្សប្រុសស្រី

ខាលថោះអស់ភ័យ

  

ធ្វើស្រែស្រូវបាន។

 
 

ភ្លៀងឆ្នាំម្សាញ់

រលីងក្បាលក្រាញ់

ត្រូវតាមបុរាណ

 

កត្ដឹកជន់វាល

រាលសព្វស្មសាន

អ្នកស្ទឹងប៉ុន្មាន

  

រលួយស្រូវអស់។

 
 

ដាច់ថ្នល់ខានដើរ

រាជការគេប្រើ

ទាំងចាស់កំលោះ

 

មមែរងកម្ម

បញ្ចាំកេរ្ដិ៍កោះ

គ្មានអ្វីស៊ីសោះ

  

ដាច់ពោះក្សិណក្ស័យ។

 
 

ខែចែត្រឆ្នាំវក

ស្រលះពពក

កើតមានសម័យ

 

ជាហេតុអស្ចារ្យ

សុរិយាល្ងាចថ្ងៃ

អុត្បាតង្រៃ

  

ឃើញសត្វអ្វីហោះ។

 
 

ពីជើងទៅត្បូង

ចាស់ក្មេងមើលច្រូង

បានឃើញទាំងអស់

 

មើលមិនស្គាល់ជាក់

ធ្លាក់ចំចន្លោះ

បាត់ឈឹងសូន្យសោះ

  

មិនដឹងទៅណា។

 

១៨០
-

កាលមុននោះមក

ខែបុស្សឆ្នាំវក

លែងមានប្រាជ្ញា

 

មានតែមេស្រុក

វាស់បែងក្រឡា

ដីមួយហិតា

  

ត្រូវសែសឹបថាំង។

 
 

រង្វាន់មេស្រុក

ត្រូវហូតមួយទុក

ដប់ជូនបារាំង

 

ទៅដល់ប៊ុយរ៉ូ

បង្ហូរដាក់ឃ្លាំង

ពូជពីរកន្ដាំង

  

ក៏ជាប់ពន្ធដែរ។

 
 

គ្មានធូរគ្មានតឹង

កូនអើយខំប្រឹង

ជាតិឯងជាខ្មែរ

 

ក្មេងប្រុសជំទង់

នៅក្នុងឪម៉ែ

រាជការប្រិតប្រែ

  

ថាឲ្យបង់ប្រាក់។

 
 

កូនចៅប្រុសស្រី

កើតមកលើដី

ខំរកលុយកាក់

 

បានហើយប្រឹងខំ

ផ្សំគ្នាទុកដាក់

គ្រាន់ទិញស្លៀកពាក់

  

បង់ថ្លៃរាជការ។

 
 

ភទ្របទឆ្នាំច

ចាប់គោខ្មៅស

ដុតដែកបោះត្រា

 

ដល់កុរជូតឆ្លូវ

តំរូវយ៉ាងណា

នឹងកើតអស្ចារ្យ

  

 រហូតរាល់ឆ្នាំ។

 

១៨៥
-

នគរថ្កើងប្លែក

សប្បាយតែភ្នែក

ក្នុងចិត្ដរងកម្ម

 

កូនប្រុសបណ្ដាច់

កុំភ្លេចបណ្ដាំ

កប្បាសសូត្រថ្នាំ

  

ត្រីម៉ាំលែងថោក។

 
 

ដូងស្លាអំពៅ

អំបិលស្ករស្រូវ

មានទៅមានមក

 

មានចុះមានឡើង

រាស្រ្ដយើងល្មមយក

ល្មមរេលៃលក

  

គួរយកគួរខាន។

 
 

កប្បាសនិងថ្នាំ

គួរដាស់ដីដាំ

ធ្វើដៃឯងបាន

 

កុំអាងខ្ជិលពេក

កុំដេកឈប់ខាន

កុំចោលបុរាណ

  

ម៉ែឪដូនតា។

 
 

ដីកេរគរគោក

កុំអាងខ្ជិលជោក

ទៅឈ្ងោកចិនផ្សារ

 

កូនចៅស្រីៗ

ខំរៀនធ្វើការ

បើគ្មានប្រាជ្ញា

  

មានមាត់ចេះស្ដី។

 
 

ឲ្យសួរចាស់ៗ

រៀនបោះកប្បាស

ថ្ពេចមូរសំលី

 

រៀនកូតរៀនការ

ត្រសារពាត់រវៃ

ហូលគោមគាតក្ដី

  

កុំបីចន្លោះ។

 

១៩០
-

រៀនថ្កររៀនត្បាញ

ឲ្យចាស់បង្ហាញ

បង្ហាត់ទាំងអស់

 

សំពត់បែបងាយ

លាយសូត្រអំបោះ

កុំទិញគេសោះ

  

ឈ្មោះការជាស្រី។

 
 

ទិញដូរតែលាក់

អញ្ជុលចេសចាក់

ព្រហូតជាបី

 

ធ្មេញឈើឈ្នាន់ផ្សំ

ក្ដារមូរក្ដារកី

ត្រល់ខ្នារឫ្សី

  

មុខប្ដីជាប្រុស។

 
 

តាំងពីឆ្នាំច

ការអ្វីក្រៗ

ខំរៀនទៅចុះ

 

ទាន់មានចាស់នៅ

ស្គាល់ត្រូវស្គាល់ខុស

ចាស់ស្លាប់រលស់

  

គ្មានមនុស្សចេះដឹង។

 
 

រកស៊ីឲ្យញឹក

ដេកយប់រលឹក

រឹតក្បិនឲ្យតឹង

 

បើភ្ញាក់កាលណា

កាន់ការកាលនឹង

កូនអើយខំប្រឹង

  

ទាំងប្រុសទាំងស្រី។

 
 

រមៀតស្លឹកគ្រៃ

ជីរម្ទេសខ្ទឹមខ្ញី

មានដីដាំចុះ

 

ដាំដើមអ្វីៗ

ចំណីគ្រប់ឈ្មោះ

គ្រឿងស៊ីឆ្អែតពោះ

  

ជុះចោលទទេ។

 

១៩៥
-

ជុះទិសខាងជើង

ជុះដាក់ដីយើង

កុំជុះដីគេ

 

កុំជុះដាក់ផ្លូវ

ត្រូវមាត់ក្មេងជេរ

ដីសល់ទំនេរ

  

ល្មមមាត់ជុះទៅ។

 
 

សក់មួយជាដប់

ជ្រៀតសិតឲ្យសព្វ

កុំឲ្យសល់នៅ

 

បើប្រាជ្ញារាក់

ចាក់ចិត្ដឲ្យជ្រៅ

ដាំចេកអំពៅ

  

ដូរស្រូវអង្ករ។

 
 

កើតមកជាមនុស្ស

មួយព្រួយចង់រស់

មួយព្រួយចង់ល្អ

 

ពីនេះជាធំ

វានាំឲ្យក្រ

ចាំជាតំណ

  

តជាទំនុក។

 
 

មនុស្សមារយាទមិនប៉ិន

កូននៅខ្ញុំចិន

ព្រោះម្ដាយឪពុក

 

ធ្វើស្រែមិនត្រូវ

គ្មានស្រូវជង្រុក

កូនអើយចាំទុក

  

នេះមុខមេក្រ។

 
 

មេ១ជាធំ

កំលោះក្រមុំ

ស្លៀកពាក់ចង់ល្អ

 

បើបានបែបខ្មៅ

ថានៅបែបស

ទើបគ្រាន់អន់ក្រ

  

ត្រដរចង់ថ្កើង។

 

២០០
-

ក្រលាប់នគរ

រឹងរឹតកើតចោរ

ច្រើនឡើងច្រើនឡើង

 

ពាលរឹងក្រអើត

ចើតម៉ើតចើតម៉ើង

ក្រដាស់យ៉ាងស្ដើង

  

ចាយរហែកនៅដៃ។

 
 

ប្រាក់ចាយអស់ទៅ

ព្រោះមនុស្សឥឡូវ

អុត្បាតចង្រៃ

 

ជាតិខ្មែរប្រែភេទ

ក្រលែតក្រលៃ

ក្រលាស់សាសន៍សៃយ

  

សព្វសត្វនានា។

 
 

ជាតិខ្មែរប្រែខុស

ស្រីក្លែងធ្វើប្រុស

ប្រុសក្លែងធ្វើជ្វា

 

យកប្ដីប្រពន្ធ

មិនស្គាល់មីងមា

បុណ្យទានការងារ

  

កាប់គ្នាឥតក្រែង។

 
 

ល្ងង់រិកធ្វើចេះ

គោចងត្រដោកសេះ

ប្រុសៗដុះស្នែង

 

ស្រីពាក់អាវខ្លី

ប្រុសពាក់អាវវែង

សារុងហៀរកែង

  

ធ្វើឯងអ្នកគ្រាន់។

 
 

កាន់ចិត្ដសីហលោ

សេះទឹមនឹងគោ

ចាក់ហ៊ោលាន់ៗ

 

រកស៊ីមួយថ្ងៃ

ចង់បានមួយពាន់

បរគោជល់មាន់

  

ចាក់កាប់ជាប់គុក។

 

២០៥
-

រីល្បែងបៀប៉ោ

ច្រើនទៅជាចោរ

ប្រកាសហាមទុក

 

ចូរកូនប្រយ័ត្ន

ប្រយោជន៍ទៅមុខ

ចាំជាទំនុក

  

ដំណកូនចៅ។

 
 

អ្នកកុំប្រហែស

រាជការនិរទេស

កំចាត់ចេញទៅ

 

រាជការអាណិត

ខំប្រិតប្រដៅ

កុំលោភល្ងង់ខ្លៅ

  

ថោកផៅត្រកូល។

 
 

ប្រយ័ត្នក្រែងក្រ

ផ្លូវច្បាប់ល្អៗ

អ្នកខំប្រមូល

 

ផ្លូវវៀចអាក្រក់

អ្នកកុំដើរចូល

ហៅផ្លូវមិនស្រួល

  

លង់ផុតគំនិត។

 
 

ដើរផ្លូវកណ្ដាល

ស្រលាញ់ស្និតស្នាល

ឈឺឆ្អាលដោយពិត

 

មគ្គផលសីលទាន

ឈានចូលឲ្យជិត

យកធម៌ជាមិត្រ

  

មិនឥតអំពើ។

 
 

មនុស្សម្នាក់ច្រើនឆោត

ច្រើនគ្មានគេកោត

ឈឺគ្មានគេមើល

 

ស្លាប់ឥតគេព្រួយ

គេជួយទាំងស្ទើរ

មិនដែលឡើងលើ

  

ច្រមុះចុះក្រោម។

 

២១០
-

កូនចៅស្រីៗ

ក្រមុំសាវខ្ចី

រៀនឆោតឲ្យល្មម

 

ប្រុសស្មើម៉ែឪ

ឆូវឆប្រលោម

មើលរូបមើលឆោម

  

កុំព្រមដោយងាយ។

 
 

កុំក្និចក្នក់ក្នាញ់

បើចិត្ដស្រលាញ់

កុំចេញនិយាយ

 

បើស្អប់កុំប្ដឹង

បើខឹងកុំធ្លាយ

កុំរោះកុំរាយ

  

កុំងាយធ្វើស្និទ្ធ។

 
 

កុំដើរប្រាប់គេ

កុំអាងអួតជេរ

ក្រែងប្រុសឈឺចិត្ដ

 

នៅឲ្យតែនឹង

កុំរវល់ធ្វើស្និទ្ធ

ប្រុសនឹងអាណិត

  

គិតចូលដណ្ដឹង។

 
 

បើម៉ែឪឲ្យ

មើលមុខមើលក្រោយ

អាក្រក់ខ្មៅឆ្អឹង

 

ប្រកែកដោយស្ងាត់

កុំខ្លាចម្ដាយខឹង

កើតកូនមកតឹង

  

ពិបាកចាយណាស់។

 
 

កុំឃ្លានចំណី

កុំខ្លាចអត់ប្ដី

កុំភ័យខ្លាចចាស់

 

មើលមុខឯងផង

កុំរើសឥតខ្មាស

ខ្លួនល្អស្រលះ

  

មិនខ្វះគេស្ដី។

 

២១៥
-

បើបានជាខូច

ទាន់ផើមនៅតូច

ខែពីរខែបី

 

រវៀសឆ្លើយប្រញាប់

ប្រាប់គ្នាស្រីៗ

កុំលាក់ធ្វើអី

  

ក្នុងតែគេដឹង។

 
 

កុំមាយាបេះក្រូច

មារយាទចេះតែខូច

មាត់ចេះតែខឹង

 

គេថាត្រង់ណា

ជេរគេត្រង់ហ្នឹង

ជេរហើយខំប្រឹង

  

យកថ្មសង្កត់។

 
 

រំលាយរំលូត

អាក្រក់តែគូទ

អួតល្អតែមាត់

 

មានគេឃើញច្បាស់

ម្នះរឹងហ៊ានស្បថ

ទោសនេះនឹងភ្លាត់

  

ធ្លាក់ទៅអវចី។

 
 

ចោរកាចល្ងង់ខ្លៅ

ប្រាជ្ញប្រាមប្រដៅ

ហៅបារាជិកស្រី

 

មេបាគេកាច់

ស្លាប់ពីរស្លាប់បី

រំលូតកូនខ្ចី

  

ស្មើរំលាយព្រះ។

 
 

មានកាលមានក្ស័យ

ខ្វិនជើងខ្វិនដៃ

កខ្វេះកខ្វាស

 

ខ្វាក់ភ្នែកអន្ធការ

អនិច្ចារូបណាស់

អាក្រក់កេរ្ដិ៍ខ្មាស

  

តកូនតចៅ។

 

២២០
-

អសោចសុសសាយ

សុសសព្វដល់ម្ដាយ

ដល់ពូជពង្សផៅ

 

ស្លាប់ទៅរងទុក្ខ

នរកឋានក្រៅ

គេស្រុះទឹកក្ដៅ

  

ស្លាប់ទៅរស់ទៀត។

 
 

ស៊ីខ្ទះឈាមឯង

ព្រះអង្គសំដែង

ថាម៉ឺនសែនជាតិ

 

ឡើងមកជាប្រេត

ហេតុកម្មមិនឃ្លាត

អត់ឃ្លាតគ្មានញាតិ

  

ហែកកូនឯងស៊ី។

 
 

ព្រះពុទ្ធលែងប្រោស

ធម៌លែងសន្ដោស

សោយទុក្ខវក់វី

 

ហេតុចិត្ដឫ្យា

មិច្ឆាទិដ្ឋី

កើតជាជ្រូកញី

  

គេគ្រៀវគេចាក់។

 
 

អសង្ខេយ្យឆ្នាំ

ហេតុផលសេសកម្ម

កើតជាមនុស្សខ្វាក់

 

មនុស្សខ្វិនទ្រែមទ្រម

ជាគមជាគាក់

ខ្ទើយឆ្កួតអបលក្ខណ៍

  

ជាអ្នកឥតប្ដី។

 
 

បើម្ដាយជួយព្រួត

ជួយនាំរំលូត

រំលាយកូនខ្ចី

 

នរកប្រេតព្រមគ្នា

មិនឃើញរស្មី

ត្បិតចិត្ដតិរ្ថិយ

  

ទាំងម្ដាយទាំងកូន។

 

២២៥
-

ហេតុនេះគួរខ្លាច

ធម្មតាចោរកាច

មិនដែលស្ងាត់សូន្យ

 

អសោចកេរ្ដិ៍ឈ្មោះ

ទាំងអស់បងប្អូន

មេបាតាដូន

  

កាត់កាលលែងរាប់។

 
 

គួរប្រុងអិរិយា

កើតទាន់សាសនា

ហៅមហាមានភ័ព្វ

 

ទាំងស្រីទាំងប្រុស

កុំបីឲ្យធ្លាប់

គួរខំរៀនផ្គាប់

  

បរលោកលោកិយ។

 
 

ឯខុសនឹងគាប់

បើនឹងរៀបរាប់

រាល់រូបប្រុសស្រី

 

គាប់ខុសនៅចិត្ដ

ខុសគាប់នៅស្ដី

គំរប់ជាបី

  

ខុសត្រូវនៅកាយ។

 
 

កូនប្រុងប្រព្រឹត្ដ

ការកេរ្ដិ៍ឲ្យជិត

គំនិតឲ្យឆ្ងាយ

 

កើតមកជាខ្មែរ

កុំប្រែក្លែងក្លាយ

ធម្មតាសប្បាយ

  

វាតែងឲ្យទុក្ខ។

 
 

ឲ្យទោសឲ្យទែង

ទាស់តែម្នាក់ឯង

ដល់ម្ដាយឪពុក

 

រីឯរឿងទោស

មានតែពីរមុខ

មួយនៅនរក

  

មួយនាលោកិយ។

 

២៣០
-

លោភោទោសោ

កើតពីមោហោ

រាល់រូបប្រុសស្រី

 

គួរកាន់មេត្ដា

កតញ្ញូខន្ដី

នេះជាបាលី

  

ទៅកាន់បរលោក។

 
 

ពាក្យពិតប្រដៅ

ឲ្យអស់កូនចៅ

ប្រព្រឹត្ដរៀនយក

 

កូនណាមិនរៀន

កូននឹងមារយាទថោក

 នឹងធ្លាក់ជ្រុលជ្រក

  

ក្នុងចតុបារាយ។

 
 

ធំស្រេចនៅស្លូត

សុខខ្លួនរហូត

ដរាបវែងឆ្ងាយ

 

ខន្ដីអំណត់

សង្កត់ក្នុងកាយ

ជាតិជនទាំងឡាយ

  

កំរកាន់បាន។

 
 

ចេះហើយមិនដឹង

ចិត្ដនៅម្នះរឹង

ប្រឹងរកកម្មដ្ឋាន

 

រកធម៌មិនយល់

ខ្ជិលខ្វល់ឈប់ខាន

បន្ទោសបុរាណ

  

ថាគ្មាននិស្ស័យ។

 
 

រីបាបនិងបុណ្យ

មានចិត្ដជាមុន

មាត់ជាបច្ច័យ

 

នាំចុះនាំឡើង

ពីជើងពីដៃ

សន្សំសព្វថ្ងៃ

  

ឈ្មោះហៅសំណាង។

 

២៣៥
-

កើតក្នុងលោកិយ

រាល់រូបប្រុសស្រី

មានចិត្ដមានអាង

 

កុសលអកុសល

ប្រទាញសងខាង

រូបនៅតេងតាង

  

តែងតាមទៅមក។

 
 

មគ្គផលសីលទាន

បើល្ងង់ឲ្យរៀន

បើគ្មានឲ្យរក

 

យល់ល្អសាងស្អាត

សង្វាតជ្រៀតជ្រក

ជ្រើសរើសរៀនរក

  

រក្សារូបកាយ។

 
 

នេះជាហៅច្បាប់

ជាទីសណ្ដាប់

សណ្ដានទាំងឡាយ

 

កូនចៅប្រុសស្រី

កុំបីនឿយណាយ

សង្ខេបបរិយាយ

  

និដ្ឋិតំចែងចប់។

 
 

អ្នកព្រះភិរម្យ

អាចារ្យង៉ុយខ្ញុំ

បង្គំម្រាមដប់

 

លើសលស់ឆ្គាំឆ្គង

រំលងពុំគាប់

ពុំគួរសមសព្វ

  

សុសសាយសេចក្ដី។

 
 

កាយកម្មវចីកម្ម

ឈ្មោះច្បាប់បណ្ដាំ

កូនចៅប្រុសស្រី

 

ជាបរមត្ថក្រៅ

មិនហៅបាលី

បរលោកលោកិយ

  

ទាំងពីរកន្លែង។

 

២៤០
-

បើលោកឯណា

ចេះចាំធម៌អាថិ

ប្រាកដជាក់ស្ដែង

 

ឃើញខុសត្រង់ណា

កុំថាជាល្បែង

ដ្បិតពាក្យខ្ញុំតែង

  

ឲ្យក្មេងវាភ័យ។

 
 

មិនមែនភរភូត

កុំថាខ្ញុំអួត

ប្រាជ្ញាខ្ញុំវៃ

 

ឃើញមនុស្សវង្វេង

ខ្ញុំតែងច្បាប់ថ្មី

អស់អាថិសេចក្ដី

  

អេវំចប់ហោង។

 

  ព្រះភិរម្យភាសា
អ៊ូ
ហៅ
ង៉ុយ


 

No comments:

Post a Comment